បាល់ទាត់៖ សមាជិកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ឡេង ណូរ៉ា បានរៀបរាប់ប្រវត្តិដ៏កំសត់ មុនក្លាយជាកីឡាករលេងតំណាងជាតិ បន្ទាប់ពីឆ្លងកាត់ជីវិតកុមារកំព្រារស់នៅអង្គការ និងមណ្ឌលកុមារកំព្រាតាំងពីវ័យ ៦ឆ្នាំ។ អ្វីដែលពិសេស ណូរ៉ា បានផ្ញើសារដ៏មានអត្ថន័យមួយដល់កុមារកំព្រាទាំងអស់ មិនថាប្អូន ឬបងខ្លួន កុំឲ្យយកលេសជាកុមារកំព្រាថា ជាអ្វីដែលមិនអាចឈោងចាប់ក្ដីស្រម៉ៃរបស់ខ្លួន។

ថ្លែងប្រាប់ក្រុមការងារ BTV-News ជាថ្មី បន្ទាប់ពីក្រុមការងារយើងធ្លាប់បានសម្ភាសន៍អំពីប្រវត្តិ និងគោលបំណងក្រោយធ្វើតេស្ដជាប់យុវជន U15 វិសាខាកាលពីឆ្នាំ២០១៩ ណូរ៉ា បានលើកឡើងថា ខ្លួនមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិហ្គាណាដោយមានបងប្អូន ៤នាក់ក្នុងនោះមានបងស្រី ២នាក់ មានឪពុកផ្សេងគ្នា និងម្ដាយតែមួយ រួមជាមួយប្អូនប្រុសម្នាក់ទៀតដែលមានម្ដាយខ្មែរ និងឪពុកជនជាតិហ្គាណាដូចគ្នា។ ជាអកុសលនៅឆ្នាំ២០១០ បន្ទាប់ពីឪពុករបស់ខ្លួនទទួលមរណភាព បានធ្វើឲ្យគ្រួសារមានបញ្ហាជីវភាពខ្លាំងរហូតធ្វើឲ្យម្ដាយបង្ខំចិត្តយកកុមារ ណូរ៉ា ទៅដាក់នៅអង្គការមួយដែលរូបគេមិនចាំឈ្មោះ ដើម្បីទទួលបានឱកាសសិក្សារៀនសូត្រ តែក្រោយរស់នៅបានប្រមាណ ២ឆ្នាំ រូបគេក៏ត្រូវបានប្ដូរមកនៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី រាជធានីភ្នំពេញវិញកាលពីឆ្នាំ២០១២ ក្រោយអង្គការដែលខ្លួនរស់នៅដំបូងត្រូវបិទទ្វារ។ ណូរ៉ា ថា ការផ្លាស់មកនៅភ្នំពេញនេះហើយ ដែលជំរុញឲ្យខ្លួនឈានដល់ការសម្រេចក្ដីស្រម៉ៃ ចាប់យកអាជីពបាល់ទាត់ដែលខ្លួនស្រលាញ់តាំងពីតូច តាមរយៈការស្វះស្វែងរកកន្លែងហ្វឹកហាត់ ហើយក៏បានជួបបុរសម្នាក់ឈ្មោះ រៀប លីឆាយ ដែលគេស្គាល់ជាគ្រូបង្វឹកក្រុមឪម៉ាល់អេហ្វស៊ី ដោយលោកបានបង្ហាត់បច្ចេកទេសលេងបាល់ដល់រូបគេ ព្រមទាំងឧបត្ថម្ភអាហារ និងថវិកាបន្ដិចបន្ដួចសម្រាប់កុមារកំព្រាទៀតផង។

បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ គេបានទទួលព័ត៌មានអំពីការធ្វើតេស្ដយុវជនវិសាខា។ ដោយមានការជំរុញពីបុគ្គលិក និងគ្រូនៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មីផង គេក៏សម្រេចចិត្តចូលរួមធ្វើតេស្ដ ទាំងមិនសូវមានសង្ឃឹមព្រោះមានក្មេងៗជាច្រើនចូលរួម។ តែដើម្បីសម្រេចក្ដីស្រម៉ៃរូបគេបានព្យាយាម និងខំប្រឹងរហូតធ្វើតេស្ដជាប់ ហើយមានឱការលេងឲ្យក្លិប និងប្រកួតពានជាហូរហែ ពិសេសជាប់ជម្រើសជាតិស្ទើរគ្រប់កម្រិតអាយុទៀតផង។ ពាក់ព័ន្ធនឹងប្រវត្តិរបស់កីឡាករកូនកាត់ខ្មែរ-ហ្គាណារូបនេះ ថ្មីៗនេះឃើញមានមហាជនជាច្រើនបានចាប់អារម្មណ៍ បន្ទាប់ពី ណូរ៉ា បានបង្ហាញខ្លួនយ៉ាងល្អក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅកម្ពុជា ពិសេសរូបភាព ១សន្លឹកដែល ណូរ៉ា បានថតជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ជុំវិញរូបភាពនេះ ណូរ៉ា បានរំឭកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន កាលខ្លួននៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ហើយគេបានថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងផ្ដល់ភាពកក់ក្ដៅដល់កុមារកំព្រាទាំងអស់ ដោយសម្ដេចតែងឆ្លៀតពេលវេលាដ៏មានតម្លៃទៅសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភ ពិសេសការលើកទឹកចិត្តដ៏មានសារៈសំខាន់ ដើម្បីឲ្យកុមារកំព្រាអាចសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន។
បន្ថែមលើនេះ ណូរ៉ា បានផ្ញើសារ និងលើកទឹកចិត្តដល់កុមារកំព្រាទាំងអស់ថា ការកើតមកកំព្រាឪពុក ឬកំព្រាម្ដាយ ឬកំព្រាទាំងឪពុក-ម្ដាយ មិនមែនមានន័យថា ជាចំណុចមិនអាចឲ្យពួកគេឈោងចាប់ក្ដីស្រម៉ៃនោះទេ សំខាន់ត្រូវខិតខំប្រឹងប្រែងកុំបោះបង់ក្ដីស្រម៉ៃ ពិសេសកុំយកលេងជាកុមារកំព្រាថា មិនអាចមានឱកាស ពោលគឺត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ដើម្បីសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន។ យ៉ាងណាមិញ ណូរ៉ា ក៏មិនភ្លេចដែរចំពោះរាល់អ្នកដែលតែងតែចញ្ចឹមបីបាច់ថែរក្សា ជំរុញ និងលើកទឹកចិត្តរូបគេកន្លងមក រួមទាំងអ្នកគាំទ្រផងដែរ ហើយគេសន្យារនឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យលើវិថីបាល់ទាត់ និងមានឱកាសជួយក្រុមជម្រើសជាតិកម្ពុជាជាបន្ដបន្ទាប់ទៀត។ សូមបញ្ជាក់ថា ឡេង ណូរ៉ា បានធ្វើតេស្ដជាប់យុវជន U15 វិសាខាក្នុងឆ្នាំ២០១៩ ហើយបានចូលរួមប្រកួត និងជួយក្រុមឈ្នះពានជាច្រើន មុនផ្ទេរទៅលេងឲ្យខេត្តព្រៃវែងនៅក្របខណ្ឌលីគកំពូលកម្ពុជាកាលពីឆ្នាំ២០២១ និងត្រឡប់មកក្លិបដើមវិសាខាវិញនៅឆ្នាំ២០២២ នេះ។ ណូរ៉ា បានជាប់ជម្រើសជាតិតាំងពីយុវជន U15 U19 U23 និងក្រុមធំផងដែរ៕
អត្ថបទ៖ លី ឈុនឡា