លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានថ្លែង នៅក្នុងពិធីអបអរសាទរខួបលើកទី ១០៥ នៃអាកាសចរណ៍យោធាបូលីវីរបស់ប្រទេសនេះថា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសវ៉េណេស៊ុយអេឡាពីការគំរាមកំហែង និងការឈ្លានពានរបស់ចក្រពត្តិនិយម។

ប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Venezolana de Television ថា៖«ការគំរាមកំហែង និងការឈ្លានពាន នឹងមិនបំភិតបំភ័យ ឬធ្វើឲ្យប្រជាជនរបស់យើងភ្ញាក់ផ្អើលនោះទេ។ ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារមាតុភូមិ ដីធ្លី សមុទ្រ មេឃ មនុស្ស និងប្រវត្តិសាស្ត្ររបស់ពួកគេ»។

លោក ម៉ាឌូរ៉ូ បានរំលឹកថា៖«រយៈពេល ១៧ សប្តាហ៍ កងកម្លាំងចក្រពត្តិនិយមបរទេស បានគំរាមកំហែងឥតឈប់ឈរថា នឹងរំខានដល់សន្តិភាពនៅក្នុងតំបន់ការ៉ាអ៊ីប អាមេរិកខាងត្បូង និងវ៉េណេស៊ុយអេឡា ដោយប្រើអំណះអំណាងមិនពិត និងមិនសមហេតុផល ដែលសូម្បីតែសាធារណជនអាមេរិកក៏មិនជឿដែរ»។ លោកប្រធានាធិបតី បានកត់សម្គាល់ថា សម្ពាធផ្លូវចិត្ត និងការវាយប្រហាររបស់ចក្រពត្តិនិយមអសីលធម៌ «បានដាស់ស្មារតីស្នេហាជាតិ និងការតស៊ូដ៏អស្ចារ្យរបស់ប្រជាជនវ៉េណេស៊ុយអេឡា»។
មេដឹកនាំវេណេស៊ុយអេឡារូបនេះ បានប្រកាសពីសមយុទ្ធយោធា «Independence 200» ដែលកំពុងធ្វើឡើង នៅក្នុងតំបន់ការពារស្មុកស្មាញទូទាំងប្រទេស។ លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា សមយុទ្ធទាំងនេះបង្ហាញពីសាមគ្គីភាពរបស់ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងនគរបាល «ក្នុងការការពារសិទ្ធិសន្តិភាព និងស្ថិរភាពរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ»៕