បុគ្គលិកមន្ទីរពេទ្យ នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ បាននិយាយថា កន្លែងដ៏ធំ ដែលទទួលសាកសពជនរងគ្រោះដោយទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ បានពេញណែនរហូតខ្វះទីតម្កល់ ដោយជំរុញឲ្យអាជ្ញាធរនាំយករថយន្តធ្វើឲ្យត្រជាក់ចំនួន ៣គ្រឿងទៅកាន់ទីនោះ។
បន្ទាប់ពីចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៥៥នាក់ មន្ត្រីនៅកន្លែងទទួលសពនៅមន្ទីរពេទ្យរបស់ខេត្ត Songkhla ដែលគ្រាន់តែផ្ដល់ឈ្មោះត្រកូលរបស់ខ្លួន គឺលោក Charn បានប្រាប់សារព័ត៌មានថា៖ «កន្លែងទទួលសព បានពេញណែនលើសពីសមត្ថភាពតម្កល់របស់វា ដូច្នេះ យើងត្រូវការបន្ថែមទៀត»។

តាមរយៈរូបភាពវីដេអូដែលត្រូវបានថតដោយអ្នកសារព័ត៌មាន បានបង្ហាញឲ្យឃើញរថយន្តធ្វើឲ្យពណ៌សដែលចតនៅខាងក្រៅអគារដ៏ធំរបស់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា ទឹកជំនន់ដ៏បំផ្លិចបំផ្លាញ បានកើតមាននៅពាសពេញភាគខាងត្បូងប្រទេសថៃ ក្នុងសប្តាហ៍នេះ ជាពិសេសនៅទីក្រុង Hat Yai ជិតព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ជាកន្លែងដែលតំបន់ធំៗ បានលិចលង់នៅក្នុងទឹក ដែលធ្វើឲ្យអ្នកស្រុកស្វែងរកជម្រកនៅលើដំបូលផ្ទះ។
កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា រដ្ឋាភិបាលថៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ខេត្ត Songkhla ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ជាច្រើនថ្ងៃនេះ បានឡើងដល់យ៉ាងហោចណាស់ ៥៥នាក់ ដោយឡើងពីចំនួន ៦នាក់ ពីមួយថ្ងៃមុន។ ហើយរដ្ឋាភិបាលបានបន្ថែមថា នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ខ្លួនបានព្យួរតួនាទីចៅហ្វាយស្រុក Hat Yai ជុំវិញការខកខានមិនបានឆ្លើយតបទៅនឹងទឹកជំនន់នេះ៕

