ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូនឹងលើកយកបញ្ហានៃការរៀបចំត្រៀមសាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងពេលមានកិច្ចពិភាក្សាខាងមុខ ជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលក៏បង្ហាញផងដែរពីការត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចចរចាកាន់តែទូលំទូលាយ អំពីសន្តិសុខ និងស្ថិរភាព នៅតំបន់អឺរ៉ុប។

អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាននៅទីក្រុង Bishkek រដ្ឋធានីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Putin បានបញ្ជាក់ថា គណៈប្រតិភូអាមេរិក ត្រូវបានរំពឹងថា នឹងមានវត្តមាននៅទីក្រុងមូស្គូ នាសប្តាហ៍ក្រោយ ហើយរុស្ស៊ីគ្រោងនឹងដោះស្រាយ «បញ្ហាទាំងអស់ ជុំវិញស្ថិរភាពយុទ្ធសាស្ត្រ» ជាមួយទីក្រុងវ៉ាស៊ីនតោន។
ដោយនិយាយសំដៅទៅកតិកាសញ្ញាដែលបានផុតកំណត់កាលពីខែកុម្ភៈ លោកបានប្រាប់ថា៖ «ប្រសិនបើពួកគេ មិនចង់ធ្វើអ្វី ពាក់ព័ន្ធនឹងសន្ធិសញ្ញា New START ទេនោះ យើងមិនមានបញ្ហាអ្វីឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី មានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធយូរអង្វែង គឺ Strategic Arms Reduction Treaty (សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ) ដែលត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញា New START ដែលបានចូលជាធរមានកាលពីខែកុម្ភៈ ឆ្នាំ២០១១។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី២៩ ខែតុលាថា លោកបានណែនាំមន្ទីរបញ្ចកោណឲ្យចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ ដោយលើកឡើងថា ប្រទេសផ្សេងទៀត កំពុងអនុវត្តរួចហើយ។ តែលោកមិនបានបញ្ជាក់ថា តើការសាកល្បងអ្វីដែលលោកចង់សំដៅនោះទេ ឬថា តើនេះបង្កប់ន័យបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរដែរ ឬយ៉ាងណា៕


