នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី ៤-៥ ខែធ្នូ។
សេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព័ត៌មាននេះ បានឲ្យដឹងថា លោក Putin នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយចាត់ទុកការធ្វើដំណើរនេះថា «មានសារៈសំខាន់ ដោយផ្តល់ឱកាសឲ្យមានកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ អំពីរបៀបវារៈទាំងមូលនៃទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា»។

សេចក្តីថ្លែងការណ៍នោះ បានកំណត់ទំនាក់ទំនងរុស្ស៊ី-ឥណ្ឌាថា ជា «ភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ» ដោយបញ្ជាក់ថា កិច្ចពិភាក្សា រវាងលោក Putin និងលោក Modi នឹងផ្តោតលើបញ្ហាអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ននេះ»។ ជាមួយគ្នានេះ លោក Putin ក៏នឹងជួបសមភាគីឥណ្ឌារបស់លោកផងដែរ គឺលោកស្រី Droupadi Murmu។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «កិច្ចពិភាក្សាត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការយល់ព្រមចេញសេចក្តីថ្លែងការណ៍រួម និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការអន្តរទីភ្នាក់ងារ និងពាណិជ្ជកម្មទ្វេភាគីមួយចំនួន»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានប្រកាសជាលើកដំបូងដោយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval កាលពីខែសីហា។ រូបលោកត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS នៅឯកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu ដែលលោកបាននិយាយថា លោក Putin នឹងធ្វើទស្សនកិច្ចនៅប្រទេស «នាចុងឆ្នាំនេះ»៕
