នៅឥណ្ឌូនេស៊ី ទឹកជំនន់និងបំណាក់ដីបានធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង ១០០នាក់ ហើយនៅលើកោះស៊ូម៉ាត្រា បានរងគ្រោះធ្ងន់ធ្ងរជាងគេ ជាទីដែលមនុស្ស ៩៤នាក់ បានស្លាប់ ក្នុងនោះបណ្ដាញទំនាក់ទំនងនៅបន្តដាច់តាមតំបន់មួយចំនួន ខណៈអាជ្ញាធរកំពុងប្រឹងប្រែងបោសសម្អាតកម្ទេចកម្ទី ។ ចំណែកឯអ្នករស់រានពីទឹកជំនន់នៅលើកោះមួយនេះ ពិបាកស្វែងចំណីអាហារ និងថាមពលជាខ្លាំង ។
នៅតំបន់ Padang Pariamanជាទីដែលមនុស្ស ២២នាក់បានស្លាប់ ស្ថិតលើកោះស៊ូម៉ាត្រា ប្រជាពលរដ្ឋពិបាកស៊ូទ្រាំនឹងទឹកជំនន់កម្ពស់ ១ម៉ែត្រ ហើយគិតត្រឹមថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះ ពុំបានទៅដល់ពួកគេឡើយ ។

លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី និយាយថា នៅថ្ងៃសុក្រនេះ ឥណ្ឌូនេស៊ីនឹងបន្តដឹកជំនួយ និងក្រុមជួយសង្រ្គោះតាមឧទ្ធម្ភាគចក្រ ទៅកាន់តំបន់រងផលប៉ះពាល់ ។
សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់សរុបដោយសារទឹកជំនន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងយ៉ាងហោច ១៨៣នាក់ គិតត្រឹមថ្ងៃសុក្រនេះ ក្នុងនោះក្រុមអាជ្ញាធរនៅតាមតំបន់ជាច្រើន កំពុងធ្វើការជួយសង្រ្គោះពលដ្ឋជាប់ខ្លួន ស្តាថាមពល និងការទំនាក់ទំនងឡើងវិញ ក៏ដូចជាសម្របសម្រួលកិច្ចខិតខំងើបឡើងវិញ ពេលដែលទឹកជំនន់ចាប់ផ្តើមស្រក ៕
