អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីចង់ឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន បើទោះបីជាពួកគេមានជំនឿថា លោកប្រធានាធិបតី Volodymyr Zelenskiy មិនមែនជាមេដឹកនាំស្របច្បាប់ក៏ដោយ ។

លោក Peskov និយាយថា ម្យ៉ាងវិញទៀត លោក Zelenskiy ប្រឈមនឹងបញ្ហាខុសច្បាប់ ដោយសារការបដិសេធន៍របស់លោកពុំយល់ព្រមរៀបចំការបោះឆ្នោត និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ។
លោកថា មនុស្សគ្រប់រូបមានបំណងប្រាថ្នា និងចំណង់ចំណូលចិត្តក្នុងការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ។
គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថ្នាក់ដឹកនាំអ៊ុយក្រែនថាខុសច្បាប់ ពីព្រោះថា អាណត្តិជាប់ឆ្នោតរបស់លោក Zelenskiy ផុតកំណត់ទៅហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែននិយាយថា ពួកគេមិនអាចរៀបចំការបោះឆ្នោតថ្មីបាននោះទេ ខណៈស្ថិតក្រោមច្បាប់អាជ្ញាសឹកបែបនេះ ស្របពេលដែលពួកគេការពារទឹកដីប្រឆាំងនឹងរុស្ស៊ី ។
ខណៈពេលនោះដែរ លោក Putinបាននិយាយថា កងកម្លាំងទីក្រុងមូស្គូ បានឡោមព័ទ្ធជុំវិញទីក្រុង Pokrovsk ដ៏សំខាន់របស់អ៊ុយក្រែន និងគ្រប់គ្រងបាន ៧០ភាគរយ ទៅហើយនៃទីក្រុងមួយនេះ ប៉ុន្តែឧត្តមសេនីយ៍កំពូលរបស់ទីក្រុងគីវ បាននិយាយថា កងទ័ពអ៊ុយក្រែន កំពុងតែរុញច្រានទៅវិញយ៉ាងខ្លាំងក្លា ហើយការប្រយុទ្ធគ្នាកំពុងតែក្ដៅគគុកនៅកណ្តាលទីក្រុង៕
