រូបភាពវីដេអូឃ្លីបពីលើអាកាសឃើញការជន់លិចទ្រង់ទ្រាយធំនៅទីក្រុងតំបន់ឆ្នេរ Hagonoy ស្ថិតក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន ។ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដងផ្លូវ រងការជន់លិចគ្មានសេសសល់ ។
អ្នកស្រុករស់នៅតាមទីក្រុងទាបៗ និយាយថា ភាពខកចិត្តរបស់ពួកគេហួសពីការថ្លែង ជាពិសេសនៅពេលដែលប្រាក់រាប់ពាន់លានប៉េសូចែកចាយសម្រាប់កាត់បន្ថយទឹកជំនន់ រងការចោទប្រកាន់ថា បាត់បង់ដោយសារអំពើពុករលួយ ។

អ្នកស្រី Matilde Sanchez គឺជាគ្រូបង្រៀនមួយរូប រៀបរាប់ស្ថានភាពបែបនេះថា អមនុស្សធម៌ ។ អ្នកស្រីថា ពួកយើងលែងមានអារម្មណ៍ទៀតហើយ គ្រាន់តែខឹងសម្បារ ខឹងចំពោះមនុស្សគ្មានមេត្តាដែលបានបំផ្លាញលុយដោយភាពលោភលន់ ជាលុយដោះស្រាយគ្រោះមហន្តរាយបែបនេះ ។
គួរឲ្យដឹងថា ប្រាក់រាប់ពាន់លានប៉េសូសម្រាប់គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ ត្រូវបានគេចោទប្រកាន់ថា ត្រូវបានបាត់បង់តាមរយៈគម្រោងខ្យល់ដែលពុំធ្លាប់ដែលបញ្ចប់ម្តងណាឡើយ បណ្តាលឲ្យទីក្រុងដូចជាទីក្រុង Hagonoy រងការជន់លិច រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំង ។ វាបានជាប់ពាក់ព័ន្ធជាមួយក្រុមមន្រ្តីការងារសាធារណៈ ក្រុមប្រតិបត្តិក្រុមហ៊ុនសំណង់ធំៗ ហើយនិងក្រុមតំណាងរាស្រ្ត ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានបង្កើតគណៈកម្មាធិការមួយ ដើម្បី ស៊ើបអង្កេត ហើយលោកបានសន្យាថា នឹងដាក់ទោសអ្នកដែលនៅពីក្រោយគម្រោងខ្យល់ទាំងនេះ ៕
