ព្យុះត្រូពិក Senyar ត្រូវបានគេរំពឹងថា នឹងបោកបក់លើតំបន់ចំនួន ១០ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្តឥតឈប់ កម្លាំងខ្យល់បក់ខ្លាំង និងរលកទឹកសមុទ្រធំៗ ក្នុងរយៈពេល ២ថ្ងៃបន្ទាប់។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) ប្រមុខនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) លោក Mohd Hisham Mohd Anip បាននិយាយថា នេះជាលើកទី១ ហើយ ដែលព្យុះត្រូពិកកំពុងមានកម្លាំងខ្យល់បក់ខ្លាំងបែបនេះ។

ព្យុះនេះត្រូវបានព្យាករថា នឹងប៉ះពាល់ដល់រដ្ឋ Kedah, Penang, Perak, Pahang, Selangor, Negri Sembilan និង Johor ក៏ដូចទីក្រុង Kuala Lumpur (គួឡាឡាំពួរ) Putrajaya និង Melaka។ រដ្ឋ Perak, Selangor និង Pahang ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារធ្ងន់ធ្ងរបំផុតដោយព្យុះ Senyar មុនពេលវាបោកបក់តម្រង់ទៅឆ្នេរសមុទ្រភាគខាងកើត។
លោកបណ្ឌិត Mohd Hisham បាននិយាយថា៖ «ផ្អែកលើការព្យាករពីមជ្ឈមណ្ឌលជំនាញឧតុនិយម ក្នុងតំបន់របស់ប្រទេសឥណ្ឌា ព្យុះនេះត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោក នៅជុំវិញព្រំដែនរដ្ឋ Perak-Selangor ដែលទំនងជានៅពាក់កណ្តាលអធ្រាត្រ ឬក្រោយនោះ។ ជ្រលងភ្នំ Klang គឺជាតំបន់គួរឲ្យបារម្ភ»។ លោកបានបន្ថែមថា កម្លាំងខ្យល់អាចឡើងដល់ ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
លោកបានបញ្ជាក់បន្ថែមថា៖ «ព្យុះនេះអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបន្តឥតឈប់ កម្លាំងខ្យល់បក់ខ្លាំង និងរលកទឹកសមុទ្រធំៗ នៅតំបន់ភាគច្រើននៃច្រកសមុទ្រម៉ាឡាកា និងផ្នែកជាច្រើននៃឧបទ្វីបម៉ាឡេ នៅពេលដែលវាបោកបក់មកដល់ដែនដីរបស់យើង»។ លោកបានបន្ថែមថា ស្ថានភាពនេះត្រូវបានគេរំពឹងថា នឹងបន្តមានរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
ជាមួយគ្នានេះ លោកបានព្រមានសាធារណជនឲ្យត្រៀមខ្លួន សម្រាប់ទឹកភ្លៀងដែលមានកម្រិតលើសពី ២០០មីលីម៉ែត្រ ដោយបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកភ្លៀងបានឡើងដល់កម្រិតត្រឹមតែ ១២០មីលីម៉ែត្រប៉ុណ្ណោះ៕
