រដ្ឋាភិបាលថៃនិយាយនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៤៥នាក់ ក្នុងនោះ មនុស្សជាង ១០០នាក់ បានស្លាប់នៅខេត្តរងគ្រោះខ្លាំងបំផុត Songkhla ។
ទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសថៃក្នុងសប្តាហ៍នេះ ជាពិសេសនៅស្រុក Hat Yai ស្ថិតនៅជិតព្រំដែនប្រទេសម៉ាឡេស៊ី ។
លោក Siripong Angkasakulkiat គឺជាអ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយនៅក្នុងសន្និសីទសារព័ត៌មាន ពេលធ្វើបច្ចុប្បន្នភាពតួលេខពីមុនថា ចំនួនមនុស្សស្លាប់សរុបនៅទូទាំងខេត្តភាគខាងត្បូង មាន ១៤៥នាក់ ក្នុងនោះ មនុស្ស ១១០នាក់ បានស្លាប់នៅខេត្ត Songkhla ។

តំបន់ជាច្រើន រងការជន់លិច ជំរុញឲ្យអ្នកស្រុកស្វែងរកទីជម្រកនៅលើតំបូលផ្ទះ ហើយមន្ទីរពេទ្យក្នុងស្រុក ប្រកាសថា សាលតម្កល់សពរបស់ខ្លួនបានពេញអស់ហើយ ។
លោក Paradorn Prissananantakul គឺជាប្រធានមន្ទីរប្រតិបត្តិការសង្គ្រោះទឹកជំនន់ និយាយថា បច្ចុប្បន្នពួកយើងងាកទៅរកដំណាក់កាលស្តារនីតិសម្បទា និងធ្វើការស្តាទីក្រុងឲ្យវិលត្រឡប់មករកសភាពធម្មតាឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
រដ្ឋាភិបាលថៃ និយាយថា មនុស្សជាង ១៤.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់រងផលប៉ះពាល់ ។
សូមបញ្ជាក់ថា តំបន់ជាច្រើននៅប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះស៊ីក្លូនអស់រយៈពេល ១សប្តាហ៍មកហើយ ដែលជាព្យុះត្រូពិកដ៏កម្រមួយកកើតនៅច្រកសមុទ្រ Malacca ៕
