ពលរដ្ឋអ៊ុយក្រែនមានជំនឿថា នគរបាលប្រឆាំងអំពើពុករលួយឆែកឆេរផ្ទះជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតី Volodymyr Zelenskiy លោក Andriy Yermak អាចនឹងមានឥទ្ធិពល ឬធ្វើឲ្យអន្តរាយដល់កិច្ចប្រជុំសន្តិភាព ។
លោក Pavlo Kosevych គឺជាពលរដ្ឋវ័យ ៤២ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ច្បាស់ណាស់ថា ការឆែកឆេរនេះ នឹងធ្វើឲ្យអន្តរាយដល់ទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះអ៊ុយក្រែន ។ វានឹងមានឥទ្ធិពលផងដែរលើដំណើរការចរចា ។

គួរឲ្យដឹងថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានឆែកឆេរផ្ទះនាយអគ្គសេនាធិការដ៏មានឥទ្ធិពលម្នាក់របស់លោក Zelenskiy នៅថ្ងៃសុក្រនេះ ធ្វើឲ្យវិបត្តិនយោបាយធំកាន់តែកើនឡើង ស្របពេលដែលទីក្រុងគីវ ប្រឈមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឲ្យទទួលយកលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ។
លោក Yermak ដែលជាមន្រ្តីដឹកនាំក្រុមចរចារបស់ទីក្រុងគីវ ព្យាយាមពិភាក្សាលក្ខខណ្ឌ ក្រោយទីក្រុងវ៉ាស៊ីនតោនបង្ហាញពង្រាងគាំទ្រការទាមទាររបស់រុស្ស៊ី បញ្ជាក់ថា ផ្ទះល្វែងរបស់លោក ត្រូវបានគេឆែកឆេរ ហើយលោកនិយាយថា លោកបានចូលរួមសហការណ៍យ៉ាងពេញទំហឹង ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម មន្ទីរប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និងការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ និយាយថា ការឆេកឆេរនេះ ត្រូវបានអនុញ្ញាត ហើយពាក់ព័ន្ធនឹងការស៊ើបអង្កេតពុំបានបញ្ជាក់ ៕
