នៅថ្ងៃសុក្រនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានផ្ញើការអធិស្ឋានរបស់លោកទៅដល់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដីនៅលើកោះស៊ូម៉ាត្រា ដោយលោកនិយាយថា រដ្ឋាភិបាលរបស់លោក នឹងបន្តបញ្ជូនជំនួយ ស្របពេលពិបាកចូលទៅដល់តំបន់រងគ្រោះ ។

ទឹកជំនន់ និងបំណាក់ដីបានធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង ១០០នាក់ ហើយនៅលើកោះស៊ូម៉ាត្រា បានរងគ្រោះធ្ងន់ធ្ងរជាងគេ ជាទីដែលមនុស្ស ៩៤នាក់ បានស្លាប់ ក្នុងនោះបណ្ដាញទំនាក់ទំនងនៅបន្តដាច់តាមតំបន់មួយចំនួន ខណៈអាជ្ញាធរកំពុងប្រឹងប្រែងបោសសម្អាតកម្ទេចកម្ទី ។ ចំណែកឯអ្នករស់រានពីទឹកជំនន់នៅលើកោះមួយនេះ ពិបាកស្វែងចំណីអាហារ និងថាមពលជាខ្លាំង ។
នៅតំបន់ Padang Pariamanជាទីដែលមនុស្ស ២២នាក់បានស្លាប់ ស្ថិតលើកោះស៊ូម៉ាត្រា ប្រជាពលរដ្ឋពិបាកស៊ូទ្រាំនឹងទឹកជំនន់កម្ពស់ ១ម៉ែត្រ ហើយគិតត្រឹមថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះ ពុំបានទៅដល់ពួកគេឡើយ ។
លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី និយាយថា នៅថ្ងៃសុក្រនេះ ឥណ្ឌូនេស៊ីនឹងបន្តដឹកជំនួយ និងក្រុមជួយសង្រ្គោះតាមឧទ្ធម្ភាគចក្រ ទៅកាន់តំបន់រងផលប៉ះពាល់ ។
លោក Prabowo និយាយថា ពួកយើងដឹងថា បងប្អូនប្រុស-ស្រីរបស់ពួកយើង កំពុងកាន់ទុក្ខដោយសារគ្រោះមហន្តរាយនៅតាមទីកន្លែងជាច្រើនក្នុងប្រទេសនេះ ពិសេសនៅខេត្តអាឆេ ខេត្តស៊ូម៉ាត្រាខាងលិច និងខេត្តស៊ូម៉ាត្រាខាងជើង ។ ពួកយើងសូមអធិស្ថានឲ្យព្រះការពារពួកគេ ហើយសូមឲ្យទុក្ខព្រួយរបស់ពួកគេបានធូរស្រាលឡើងវិញ ៕
