មន្ត្រីពាណិជ្ជកម្មរបស់ទីក្រុងញូវដេលី នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌារំពឹងថា នឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅមុនដំណាច់ឆ្នាំនេះ ខណៈដែលបញ្ហាភាគច្រើនត្រូវបានដោះស្រាយហើយ។
គួរដឹងថា សហរដ្ឋអាមេរិកបានដាក់អត្រាពន្ធរហូតដល់ ៥០ភាគរយលើទំនិញនាំចូលពីឥណ្ឌា ចាប់ពីចុងខែសីហា បើទោះបីជាការចរចារ រវាងប្រទេសទាំង២ នៅតែបន្តប្រព្រឹត្តទៅក៏ដោយ។
តែកាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដំណើរការទៅយ៉ាងល្អ។ រដ្ឋបាលរបស់លោក Trump បានដាក់សម្ពាធលើឥណ្ឌាឲ្យកាត់បន្ថយការទិញប្រេងពីរុស្ស៊ី និងទម្លាក់អត្រាពន្ធដែលរួមបញ្ចូលវិស័យដ៏រសើបជាច្រើន ដូចជាវិស័យកសិកម្មជាដើម។

នៅឯព្រឹត្តិការណ៍មួយរបស់សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Rajesh Agrawal បានប្រាប់ថ្នាក់ដឹកនាំឧស្សាហកម្មថា៖ «អ្វីដែលចាំបាច់ត្រូវមានមុននោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខ័ណ្ឌ ដែលអាចដោះស្រាយពន្ធបដិការ»។
អមដោយការបន្ថែមថា បញ្ហាដែលនៅសល់អាចត្រូវបានដោះស្រាយនៅកម្រិតនយោបាយនោះ លោក Agrawal បានបញ្ជាក់ថា៖ «ខ្ញុំគិតថា អ្វីដែលខ្ញុំអាចនិយាយបានថា យើងទៅកាន់តែកៀកហើយ យើងបានព្យាយាមដោះស្រាយបញ្ហាដោយភាគច្រើនហើយ»។ លោកបានបន្ថែមថា៖ «យើងមានសុទិដ្ឋិនិយមខ្លាំងណាស់ ហើយសង្ឃឹមយ៉ាងខ្លាំងថា យើងគួរតែរកបានដំណោះស្រាយ នៅក្នុងឆ្នាំនេះ»៕
