នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបើកកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង នាថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ ដែលជាចំណាត់ការកម្រមានមួយរបស់មេដឹកនាំនៃប្រទេស នៅអឺរ៉ុប ខណៈដែលសង្រ្គាមជិត ៤ឆ្នាំរបស់រុស្ស៊ី បានបន្តមាននៅក្នុងប្រទេសអ៊ុយក្រែន។
គួរដឹងថា ការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនេះ គឺជាលើកទី២ ហើយ គិតចាប់តាំងពីឆ្នាំមុន សម្រាប់លោក Orban ដែលត្រូវបានចាត់ទុកថា ជាដៃគូដ៏ជិតស្និទ្ធបំផុតរបស់លោក Putin ក្នុងចំណោមមេដឹកនាំនៃប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) ទាំងអស់។
នៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មុនពេលចាកចេញទៅកាន់ទីក្រុងមូស្គូ នាព្រឹកថ្ងៃសុក្រនេះ លោក Orban បានប្រាប់ថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សារបស់លោកជាមួយលោក Putin នឹងជាការបន្តលទ្ធភាពរបស់ហុងគ្រី ក្នុងការទទួលបាន «ប្រេង និងឧស្ម័នតម្លៃថោករបស់រុស្ស៊ី» ជាធនធានដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ហើយជាមួយគ្នានេះ មុនពេលចាកចេញពីទីក្រុង Budapest នៅថ្ងៃសុក្រ លោក Orban បានបញ្ជាក់ទៀតថា បន្ទាប់ពីហុងគ្រីទទួលការលើកលែងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក «ឥឡូវនេះ គ្រប់យ៉ាងដែលយើងត្រូវការ គឺប្រេង និងឧស្ម័ន ដែលយើងអាចទិញពីប្រទេសរុស្ស៊ីបាន។ ខ្ញុំនឹងទៅទីនោះ ដើម្បីធានាឲ្យបានការផ្គត់ផ្គង់ថាមពលមកកាន់ប្រទេសហុងគ្រី ក្នុងតម្លៃសមរម្យ ទាំងនៅរដូវរងានេះ និងឆ្នាំក្រោយ»។
លោក Orban បានជំទាស់ជាយូរមកហើយថា ការនាំចូលថាមពលរបស់រុស្ស៊ី គឺមិនអាចខ្វះបានឡើយ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសលោក ហើយការប្តូរទៅប្រើឥន្ធនៈហ្វូស៊ីលដែលមានប្រភពមកពីកន្លែងផ្សេងទៀត នឹងបណ្តាលឲ្យសេដ្ឋកិច្ចដួលរលំភ្លាមៗ ជាការអះអាងដែលអ្នករិះគន់មួយចំនួនមិនយល់ស្របតាម។ ទោះបីជាប្រទេសអឺរ៉ុបផ្សេងទៀតបានកាត់បន្ថយថាមពលរុស្ស៊ីជាបណ្តើរៗក៏ដោយ ក៏ហុងគ្រីបានបន្ត និងថែមទាំងបង្កើនការនាំចូលរបស់ខ្លួន ហើយបានប្រឆាំងនឹងផែនការរបស់ EU ក្នុងការលុបបំបាត់ឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីទាំងអស់ នៅចុងឆ្នាំ២០២៧៕