កេនយ៉ា និងក្រុមហ៊ុនរដ្ឋចិនចំនួន ២ ដាក់ចេញគម្រោងពង្រីកផ្លូវហាយវ៉េតម្លៃ ១,៥ពាន់លានដុល្លារ ជាសញ្ញាមួយបង្ហាញពីការវិលត្រឡប់មកវិញរបស់ទីក្រុងប៉េកាំង មកកាន់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអាហ្វ្រិកខាងកើត ក្រោយសកម្មភាពធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំរួចមក ។
គម្រោងមួយនេះ នឹងធ្វើឲ្យល្អប្រសើរឡើងច្រករបៀងដឹកជញ្ជូនសំខាន់ៗតភ្ជាប់កំពង់ផែ Mombasa ទៅកាន់តំបន់ភាគខាងលិចកេនយ៉ា និងប្រទេសជិតខាងគ្មានសមុទ្រ ។
គំនិតផ្តួចផ្តើមនេះដែរ ប្រើប្រាស់គំរូភាពជាដៃគូរដ្ឋ-ឯកជនជាមួយបំណុល ៧៥ភាគរយ និងភាគទុន ២៥ភាគរយ ដោយងាកចេញពីវិធីសាស្ត្រផ្តល់ប្រាក់កម្ចីតាមទម្លាប់របស់ចិន ដែលបានបង្កើនក្តីបារម្ភពីនិរន្តរភាពបំណុល ។
ចិនបានកាត់បន្ថយការផ្តល់ប្រាក់កម្ចីដល់អាហ្វ្រិក កាលពីឆ្នាំ ២០១៩ ដោយសារការព្រួយបារម្ភពីបំណុល ប៉ុន្តែពួកគេបានសន្យាផ្តល់ឥណទាន និងការវិនិយោគចំនួន ៥០ពាន់លានដុល្លារនៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ ២០២៤ ។
ប្រធានាធិបតីកេនយ៉ាលោក William Ruto បានប្រកាសកិច្ចព្រមព្រៀងនេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីខែមេសា ទៅកាន់ទីក្រុងប៉េកាំង ក្រោយលុបចោលកិច្ចព្រៀមពីមុនជាមួយក្រុមហ៊ុន Vinci SA របស់បារាំង ។
គម្រោងនេះ មាន ២ដំណាក់កាល- ដំណាក់កាលទី ១៖ China Road and Bridge Corporation with Kenya's NSSF នឹងធ្វើផ្លូវហាយវ៉េប្រវែង ១៣៩គ.ម ក្នុងតម្លៃ ៨៦៣លានដុល្លារ ខណៈដំណាក់កាលទី ២៖ Shandong Hi-Speed នឹងធ្វើផ្លូវហាយវ៉េប្រវែង ៩៥គ.ម ក្នុងតម្លៃ ៦៧៨.៥៦លានដុល្លារ ៕