ក្រុងហុងកុង បានចាប់ផ្តើមកាន់ទុក្ខរយៈពេលប្រាំថ្ងៃនៅថ្ងៃសៅរ៍ ទី ២៩ ខែវិច្ឆិកានេះ បន្ទាប់ពីមនុស្ស ១២៨នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានកម្ពស់ខ្ពស់មួយកន្លែង ហើយមនុស្ស ២០០ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ជាអគ្គិភ័យដ៏មហន្តរាយបំផុតរបស់ទីក្រុងក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ។ នៅទីក្រុងហុងកុងភាគកណ្តាល នាយកប្រតិបត្តិ លោក John Lee និងមន្ត្រីផ្សេងទៀតបានប្រារព្ធពិធីស្មឹងស្មាធិ៍រយៈពេលបីនាទីដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ។

ស្ថាប័នប្រឆាំងអំពើពុករលួយក្រុងហុងកុង បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្ស១១ នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះ។ អាជ្ញាធរបាននិយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅអគារក្នុងសង្កាត់ Tai Po ភាគខាងជើង ប៉ុន្តែបានព្រមានថាចំនួនអ្នកស្លាប់អាចនៅកើនឡើងទៀត។
គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយនិយាយថា ខ្លួនបានបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេតអំពើពុករលួយដែលអាចកើតមាននៅក្នុងគម្រោងជួសជុលអគារឡើងវិញ បន្ទាប់ពីនគរបាលបានចាប់ខ្លួនមនុស្សបីនាក់កាលពីថ្ងៃព្រហស្បតិ៍។ អគ្គិភ័យ បានចាប់ផ្តើមកាលពីរសៀលថ្ងៃពុធ ហើយបានឆាបឆេះហ៊ុមព័ទ្ធអគារចំនួនប្រាំពីរក្នុងចំណោមប្លុកអគារចំនួនប្រាំបីដែលមានកម្ពស់៣២ជាន់នៅក្នុងបរិវេណនោះ។ លោក Chris Tang ប្រធានសន្តិសុខក្រុងហុងកុងបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «យើងមិនច្រានចោលលទ្ធភាពដែលថាសាកសពបន្ថែមទៀតអាចត្រូវបានរកឃើញនៅពេលដែលនគរបាលចូលទៅក្នុងអគារសម្រាប់ការស៊ើបអង្កេតលម្អិតនោះទេ»។
លោក Tang និយាយថា កណ្តឹងអគ្គិភ័យនៅក្នុងអគារនេះមិនដំណើរការបានត្រឹមត្រូវ ហើយអគារដែលមានមនុស្សរស់នៅជាង៤.៦០០នាក់នេះត្រូវបានហ៊ុមដោយរនាំងឫស្សីនិងសំណាញ់ពណ៌បៃតងសម្រាប់ការជួសជុលឡើងវិញ។
