ទីភ្នាក់ងារអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ឱ្យបន្តអនុញ្ញាតដល់អ្នកស្វែងរកសិទ្ធិជ្រកកោនចូលទៅក្នុងប្រទេសនេះនិងទទួលបានដំណើរការត្រឹមត្រូវ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានសន្យាថានឹងផ្អាកការធ្វើអន្តោប្រវេសន៍ពីប្រទេស«តតិយលោក» បន្ទាប់ពីការវាយប្រហារនៅជិតសេតវិមាន។
ការលើកឡើងទាំងនេះ បង្ហាញពីការកើនឡើងបន្ថែមទៀតនៃវិធានការអន្តោប្រវេសន៍ដែលលោក Trump បានបញ្ជា ចាប់តាំងពីការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលក្រុមអ្នកស៊ើបអង្កេតនិយាយថាត្រូវបានអនុវត្តដោយជនជាតិអាហ្វហ្គានីស្ថានម្នាក់បានចូលមកសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១។

នៅពេលត្រូវបានសួរជុំវិញការលើកឡើងរបស់លោកTrump អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Jeremy Laurence បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ពួកគេមានសិទ្ធិទទួលបានការការពារក្រោមច្បាប់អន្តរជាតិ ហើយនោះគួរតែត្រូវបានផ្តល់ដំណើរការត្រឹមត្រូវ»។ អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ លោកស្រី Eujin Byun បានគាំទ្រការលើកឡើងដូច្នេះ។ លោកស្រី និយាយថា «នៅពេលដែលមនុស្សត្រូវការការការពារដែលបានចូលទៅដល់ទឹកដីនោះ ពួកគេត្រូវតែមានដំណើរការត្រឹមត្រូវនៃការសុំសិទ្ធិជ្រកកោន ហើយជនភៀសខ្លួនភាគច្រើនលើសលប់គឺជាសមាជិកគោរពច្បាប់សហគមន៍ម្ចាស់ផ្ទះ។ លោកស្រី និយាយថា «ដូច្នេះ យើងពិតជាចង់អំពាវនាវនៅត្រង់ចំណុចនេះដល់រដ្ឋនានាដែលកំពុងទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន»។
