កីឡាម៉ូតូ៖ ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចាត់ទុកការដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី គឺជាជោគជ័យដ៏ធំធេងសម្រាប់សហព័ន្ធ និងប្រទេសជាតិ ប៉ុន្តែនៅក្រោយភាពជោគជ័យមួយនេះ ក៏មានកត្តារួមផ្សំជាច្រើនផងដែរ។ នេះបើតាមការលើកឡើង បន្ទាប់ពីឯកឧត្ដមបានធ្វើដំណើរមកដល់មាតុភូមិមុនកាលពីម្សិលមិញ។
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានបញ្ជាក់ថា សហព័ន្ធពិតជាមានមោទនភាពចំពោះកីឡាករ ២រូបដែលបានចូលរួមកីឡាអាស៊ីលើកនេះគឺ សាលី អ៊ូមើត និង ម៉ីន មូស្ដាន ដោយសារពួកគេបានប្ដេជ្ញា និងមានឆន្ទៈខ្ពស់ក្នុងការដណ្ដើមមេដាយជូនជាតិ ទោះបី មូស្ដាន មិនអាចសម្រេចបំណងខ្លួនក៏ដោយ។ ទន្ទឹមជាមួយគ្នាពួកគេសុទ្ធតែទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងជាខ្លាំងពីថ្នាក់ដឹកនាំ ពិសេសលោក Karl Heinrich Knauf ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ ដែលបានចំណាយធនធាន និងព្យាយាមទំនាក់ទំនងជាមួយអ្នកជំនាញបរទេសជាច្រើន មកជួយបណ្ដុះបណ្ដាលពួកគេឲ្យទទួលបានជោគជ័យ។ បន្ថែមលើពីនេះឯកឧត្ដម ណុះ ស្លេះ ក៏បានសម្ដែងនូវការអគុណ ចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា តាំងពីមុនចេញដំណើររហូតដល់ពេលប្រកួត ដែលធ្វើអត្តពលិកមានភាពកក់ក្ដៅ និងមានកម្លាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតប្រជែង និងដណ្ដើមបានមេដាយជូនជាតិ។
ជាក់ស្ដែងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានត្រៀមទទួល និងជួបសំណេះសំណាលអត្តពលិកជ័យលាភី ក្រោយបញ្ចប់បេសកកម្ម និងធ្វើដំណើរមកដល់មាតុភូមិនាល្ងាចថ្ងៃទី០៣ ខែកញ្ញាខាងមុខភ្លាមៗផងដែរ។ គួរបញ្ជាក់ថា សម្រាប់សមិទ្ធផលរបស់កីឡាម៉ូតូទឹក ដែលបញ្ជូនកីឡាករត្រឹម ២នាក់ទៅចូលរួមគឺដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ ដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសា Ski Modified និងវិញ្ញាសា Runabout 1100 Stock ។ បន្ថែមលើការដណ្ដើមបានមេដាយមាសទី២ ជួយឲ្យកម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ៦៤ឆ្នាំ ដែលកម្ពុជាឈ្នះមេដាយមាស២ ក្នុងឆ្នាំតែមួយនេះឯកឧត្ដម ណុះ ស្លេះ ក៏ត្រូវបានគណៈកម្មការកីឡា Asian Games លើកទី១៨ តែងតាំងជាមន្ត្រីគណៈកម្មការបច្ចេកទេស នៃការប្រកួតកីឡាម៉ូតូទឹកនេះផងដែរ។
យ៉ាងណាមិញគិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កម្ពុជានៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួននោះទេ ដោយសល់កីឡាមួយចំនួនត្រូវបន្ដការប្រកួត ដូចជាកីឡាសូហ្វតេន្នីស ទូកក្ដោង យូដូ និងទូកកានូជាដើម ដែលត្រូវការប្រកួតរហូតដល់ថ្ងៃទី០២ ខែកញ្ញាទើបបញ្ចប់។ ប៉ុន្តែបើក្រឡេកមកមើលលទ្ធផលបណ្ដោះអាសន្នពេលនេះ កម្ពុជារក្សាមេដាយមាស២ និងសំរឹទ្ធ១ ដដែល ដោយធ្លាក់មកឈរលេខរៀងទី២៤ ក្នុងនោះមានមេដាយមាស ១គ្រឿង ដណ្ដើមបានដោយកីឡាជឺជិតស៊ូ ខាន់ ចេសា ផងដែរ៕
អត្ថបទ៖ លី ឈុនឡា
