ក្រុមហ៊ុន Airbus របស់អឺរ៉ុប កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យជួសជុលជាបន្ទាន់នូវយន្តហោះA320 ចំនួន៦.០០០គ្រឿងរបស់ខ្លួនដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាការហៅមកវិញយន្តហោះក្នុងទ្រង់ទ្រាយធំ ដែលអាចគំរាមកំហែងដល់ចុងសប្តាហ៍នៃធ្វើដំណើរដ៏មមាញឹកបំផុតនៃឆ្នាំនៅសហរដ្ឋអាមេរិក។ ដំណើរនេះទំនងជាស្ថិតក្នុងចំណោមការហៅប្រមូលយន្តហោះមកវិញច្រើនបំផុតដែលធ្វើឲ្យប៉ះពាល់ដល់ ក្រុមហ៊ុន Airbus ក្នុងប្រវត្តិសាស្ត្ររយៈពេល៥៥ឆ្នាំរបស់ខ្លួន។

នៅពេលដែល ក្រុមហ៊ុន Airbus ចេញសេចក្តីណែនាំរបស់ខ្លួន យន្តហោះគ្រួសារ A320 ប្រហែល៣.០០០គ្រឿងកំពុងធ្វើប្រតិបត្តិការ។ ការជួសជុល ភាគច្រើនពាក់ព័ន្ធនឹងកម្មវិធី software ប៉ុន្តែវាត្រូវតែអនុវត្តមុនពេលយន្តហោះអាចហោះហើរម្តងទៀត នេះបើយោងតាមសេចក្តីជូនដំណឹងមួយទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ដែលសារព័ត៌មានReuters បានមើលឃើញ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកាលពីថ្ងៃសុក្របាននិយាយថា ការជួសជុលនេះអាចបណ្តាលឱ្យមានការពន្យារពេលឬការលុបចោលជើងហោះហើរ។ ក្រុមហ៊ុន American Airlines ដែលជាប្រតិបត្តិករយន្តហោះ A320 ធំបំផុតរបស់ពិភពលោក បាននិយាយថា យន្តហោះ A320 ប្រហែល៣៤០គ្រឿងរបស់ខ្លួននឹងចាំបាច់ត្រូវជួសជុល។ ក្រុមហ៊ុន បាននិយាយថា ភាគច្រើនរំពឹងថាការជួសជុលយន្តហោះនឹងត្រូវបានបញ្ចប់នៅត្រឹមថ្ងៃសៅរ៍នេះ ដោយត្រូវការពេលប្រហែលពីរម៉ោងសម្រាប់យន្តហោះនីមួយៗ។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតបាននិយាយថា ពួកគេនឹងដកយន្តហោះចេញពីសេវាកម្មមួយរយៈពេលខ្លីដើម្បីធ្វើការជួសជុល រួមទាំងក្រុមហ៊ុន Lufthansa របស់ប្រទេសអាល្លឺម៉ង់ IndiGoរបស់ប្រទេសឥណ្ឌា និង easyJetដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ មានយន្តហោះគ្រួសារ A320 ប្រហែល១១.០០០គ្រឿងកំពុងធ្វើប្រតិបត្តិការ ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus បានប៉ាន់ប្រមាណថាការជួសជុលនេះនឹងធ្វើឲ្យប៉ះពាល់ដល់យន្តហោះប្រហែល៦.០០០គ្រឿងជាសរុប។
