យោងតាមការព្រមានរបស់ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា សហគមន៍ប៉ាឡេស្ទីនទាំងមូល ត្រូវបានបង្ខំឱ្យបិទខ្ទប់នៅក្នុងផ្នែកមួយចំនួននៃតំបន់កាន់កាប់ West Bank ខណៈយោធាអ៊ីស្រាអែលបន្តធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំ និងដ៏បង្ហូឈាមនៅក្នុងដែនដីនេះ។
អង្គការ Save the Children បាននិយាយកាលពីថ្ងៃសុក្រថា គ្រួសារជាច្រើននៅភាគខាងជើងតំបន់ West Bank ត្រូវបានបង្ខំឱ្យចូលក្នុងទីជម្រកក្នុងផ្ទះរបស់ពួកគេ ដោយសារតែការភ័យខ្លាចនៃអំពើហិង្សាពីយោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការកាន់តែខ្លាំងឡើង។

ក្រុមសិទ្ធិកុមារបាននិយាយថា ការបិទខ្ទប់ទាំងនេះកំពុង «រារាំងកុមារមិនឱ្យទៅសាលារៀន ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ និងបង្កើនហានិភ័យនៃអំពើហិង្សារាងកាយ និងការឃុំឃាំងកុមារពីយោធាអ៊ីស្រាអែល»។
កងទ័ពអ៊ីស្រាអែលបានហ៊ុមព័ទ្ធតំបន់ធំៗនៃខេត្ត Tubas ភាគឦសាន ដោយចាប់ផ្តើមកាលពីថ្ងៃពុធ ហើយបានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំៗជាបន្តបន្ទាប់នៅក្នុងទីក្រុងនិងទីប្រជុំជននានានៅទូទាំងតំបន់កាន់កាប់ West Bank រួមទាំងទីក្រុង Jenin ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ីស្រាអែលបានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសនៅក្នុងតំបន់ Tubas ចាប់តាំងពីការវាយឆ្មក់បានចាប់ផ្តើម ខណៈ មនុស្សជាង១៦០នាក់ផ្សេងទៀតត្រូវបានឃុំខ្លួន។
