ប្រទេសទួរគីកាលពីថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារថ្មីបំផុតរបស់ខ្លួនលើភូមិ Beit Jinn របស់ស៊ីរី នៅជិតទីក្រុងដាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និង ជាង ២០នាក់ផ្សេងទៀត រងរបួស។
អ្នកនាំពាក្យក្រសួងការបរទេសទួរគីលោក Oncu Keceli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល «ត្រូវតែបញ្ចប់ជាបន្ទាន់»។

លោក Keceli បាននិយាយថា អ៊ីស្រាអែលបានបង្ហាញ«របៀបវារៈបំផ្លិចបំផ្លាញ»របស់ខ្លួនម្តងទៀត ជាមួយនឹងការវាយប្រហាររបស់ខ្លួនលើភូមិ Beit Jinnនេះ។
លោកបានបន្ថែមថា៖«អ៊ីស្រាអែលកំពុងរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី តាមរយៈប្រតិបត្តិការយោធារបស់ខ្លួន ដែលបង្កការគំរាមកំហែងដល់ជនស៊ីវិល និងស្ថិរភាពក្នុងតំបន់»។
អាជ្ញាធរស៊ីរី ក្រុមជួយសង្គ្រោះ និងសាក្សីឃើញផ្ទាល់ភ្នែក បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការឈ្លានពានទឹកដី ដែលបានបង្កឲ្យមានការប៉ះទង្គិច ជាមួយប្រជាជនក្នុងតំបន់ កាលពីព្រឹកថ្ងៃសុក្រ៕
