ក្រុមហេសបូឡាកាលពីថ្ងៃសុក្រ បានបង្ហើបថា ខ្លួននឹងសងសឹកចំពោះការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់ លោក Haytham Tabtabai ដោយមេដឹកនាំក្រុមនេះ លោក Naim Qassem បានប្រកាសថា ចលនានេះនឹងសម្រេចពេលវេលានៃការឆ្លើយតបរបស់ខ្លួន។
ថ្លែងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់លោក Tabtabai និងសមាជិកហេសបូឡាដទៃទៀត ដែលត្រូវបានសម្លាប់ លោក Qassem បានហៅការសម្លាប់នេះថា ជា«ការឈ្លានពានដោយចំហ និងជាឧក្រិដ្ឋកម្ម» ដោយបញ្ជាក់ថា សិទ្ធិឆ្លើយតបរបស់ក្រុមហេសបូឡា គឺ «ត្រូវបានបង្កើតឡើង» ហើយថា ក្រុមនេះ «នឹងកំណត់ពេលវេលាណាមួយ»។

កាលពីដើមខែនេះ យ៉ាងហោចណាស់មនុស្ស ៥នាក់ រួមទាំងលោក Tabtabai ត្រូវបានសម្លាប់ និង ២៨ នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអាផាតមិនមួយកន្លែង នៅក្នុងទីក្រុង Haret Hreik ភាគខាងត្បូងនៃទីក្រុងបេរូត។ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
លោក Qassem បានអះអាងថា៖«អ្នកសហការ» អាចបានដើរតួនាទីក្នុងការវាយប្រហារនេះ ដោយកត់សម្គាល់ថា ការចាប់ខ្លួនថ្មីៗនេះដោយសន្តិសុខទូទៅរបស់លីបង់ បានបង្ហាញថា «អ្នកខ្លះផ្តល់ព័ត៌មានដល់អ៊ីស្រាអែល»៕
