អាជ្ញាធរទួរគី បានរាយការណ៍កាលពីថ្ងៃសុក្រថា នាវាដឹកប្រេងពីរគ្រឿង ត្រូវបានវាយប្រហារ និងឆេះ នៅក្នុងសមុទ្រខ្មៅ ដែលជំរុញឲ្យមានប្រតិបត្តិការជួយសង្គ្រោះ។ សមាជិកនាវិកនៅលើនាវាទាំងពីរនោះ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។
ទិន្នន័យរបស់អង្គការ OpenSanctions ដែលតាមដានមនុស្ស ឬអង្គការដែលពាក់ព័ន្ធនឹងការគេចវេសទណ្ឌកម្ម បានពិពណ៌នាអំពីកប៉ាល់ទាំងនោះថា ជា «កងនាវាស្រមោល»ឬកនាវាដែលប្រើ ដើម្បីគេចវេសទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២។

អគ្គនាយកដ្ឋានកិច្ចការសមុទ្ររបស់ទួរគី បាននិយាយថា នាវាដឹកប្រេងទី១ គឺ Kairos ដែលមានទង់ជាតិហ្គាំប៊ី បានឆេះ នៅក្នុងសមុទ្រខ្មៅ មានចម្ងាយប្រហែល ២៨ ម៉ាយ (៤៥គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រខេត្ត Kocaeli របស់ទួរគី។ នាយកដ្ឋាននេះ បានស្តីបន្ទោសអគ្គីភ័យទៅលើ«ផលប៉ះពាល់ខាងក្រៅ» ដោយមិនបានផ្តល់ព័ត៌មានលម្អិត។
អគ្គនាយកដ្ឋានកិច្ចការសមុទ្រ បានបញ្ជាក់ថា នាវា Kairos កំពុងធ្វើដំណើរឆ្ពោះទៅកំពង់ផែ Novorossiysk របស់រុស្ស៊ី។
ក្នុងរយៈពេលមួយម៉ោង អាជ្ញាធរសមុទ្របានរាយការណ៍ថា នាវាដឹកប្រេងទី២ឈ្មោះ Virat ត្រូវបាន «វាយប្រហារ» ខណៈពេលកំពុងធ្វើដំណើរ នៅក្នុងសមុទ្រខ្មៅ ចម្ងាយប្រហែល ៣៥ម៉ាយ ពីឆ្នេរសមុទ្រទួរគី ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕
