មន្ត្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលនិងយានដ្រូនរបស់រុស្ស៊ីទៅលើសង្កាត់មួយចំនួននៃទីក្រុងគីវ នៅព្រឹកថ្ងៃសៅរ៍ (ទី២៩ ខែវិច្ឆិកា)នេះ ដោយបានសម្លាប់មនុស្សម្នាក់ និង១១នាក់ រងរបួស ជាមួយនឹងការផ្ទុះ និងកម្ទេចកម្ទីដ្រូនដែលធ្លាក់មក បង្កឲ្យមានអគ្គិភ័យឆាបឆេះ។
នេះគឺជាការវាយប្រហារលើកទី២ ទៅលើរដ្ឋធានីអ៊ុយក្រែន ក្នុងរយៈពេល ៤ថ្ងៃ។ មនុស្ស ៧នាក់ បានស្លាប់កាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នៅពេលដែលកងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលជាបន្តបន្ទាប់។

ប្រធានរដ្ឋបាលយោធាទីក្រុងគីវ លោក Tymur Tkachenko បាននិយាយថា មានការវាយប្រហារនៅទីតាំងចំនួន ៦ នៅថ្ងៃសៅរ៍នេះ ដោយអគារអាផាតមិន និងលំនឋានផ្សេងទៀត ត្រូវបានវាយប្រហារនៅក្នុងទីក្រុងដែលមានប្រជាជន ៣ លាននាក់។
រដ្ឋបាលយោធានេះ បានអះអាងថា សាកសពរបស់អ្នកស្រុកម្នាក់ ត្រូវបានរកឃើញពីគំនរបាក់បែក នៅអគារអាផាតមិនមួយ ដែលត្រូវបានអគ្គិភ័យឆេះ។ កុមារម្នាក់ ត្រូវបានជួយសង្គ្រោះចេញពីអគារនោះ៕
