រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានអំពាវនាវឲ្យមានសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ហ្កាហ្សា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ ក្នុងអំឡុងពេលវេទិកាតំបន់លើកទី ១០ នៃរដ្ឋមន្ត្រីការបរទេសនៃសហភាពសម្រាប់តំបន់មេឌីទែរ៉ាណេ ដែលបានបញ្ចប់កាលពី ថ្ងៃសុក្រ។
ដោយធ្វើសហៃៃប្រធានជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja Kallas វេទិកានេះ ត្រូវបានរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares និងមានការចូលរួមពីរដ្ឋ មន្ត្រីការបរទេស និងប្រធានគណៈប្រតិភូមកពីរដ្ឋសមាជិកនៃសហភាពសម្រាប់តំបន់មេឌីទែរ៉ាណេ រួមជាមួយតំណាងស្ថាប័នអឺរ៉ុប និងតំបន់។

ថ្លែងនៅក្នុងវេទិកានេះ លោក Safadi បានព្រមានថា៖«ការសន្យានៃសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានបំផ្លាញដោយការកាន់កាប់ដ៏ឃោរឃៅដែលស្ថានភាពអមនុស្សធម៌របស់វា ត្រូវបានលាតត្រដាងតាមរបៀបដ៏គួរឲ្យភ័យខ្លាចបំផុត ក្នុងអំឡុងពេលពីរឆ្នាំនៃការប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា»។
លោក Safadi បានគូសបញ្ជាក់ពីការកើនឡើងភាពតានតឹង និងការរំលោភបំពាននៅក្នុងតំបន់វេសបែង (West Bank) ដោយកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីនចំនួន ៣២.000នាក់ ត្រូវបានផ្លាស់ទីលំនៅ នាពេលថ្មីៗនេះ រួមជាមួយនឹងការពង្រីកការតាំងទីលំនៅ ការរឹបអូសដីធ្លី និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចប៉ាឡេស្ទីន៕
