កងទ័ពលីបង់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងតំបន់តាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែល នៅក្នុងតំបន់ដែលអស្ថិរភាព ដែលបានឃើញសង្គ្រាមរយៈពេល ១៤ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា។
ផ្នែកខ្លះនៃតំបន់ភាគខាងត្បូងនៃទន្លេ Litani និងភាគខាងជើងនៃព្រំដែនជាមួយអ៊ីស្រាអែល ពីមុនជាបន្ទាយរបស់ក្រុមហេសបូឡា ដែលមិនអនុញ្ញាតឲ្យកងទ័ពជាតិលីបង់ និងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដាក់ពង្រាយនៅក្នុងតំបន់នោះទេ។

ប៉ុន្តែចាប់តាំងពីបទឈប់បាញ់ បានបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា កាលពីមួយឆ្នាំមុន កងទ័ពលីបង់ បានបង្កើនវត្តមានរបស់ខ្លួនតាមបណ្តោយព្រំដែនដល់ជិត ១០.000នាក់ បិទចំណុចឆ្លងកាត់ចំនួន ១១កន្លែង ដែលត្រូវប្រើសម្រាប់រត់ពន្ធតាមដងទន្លេ Litani និងកំពុងដោះស្រាយជាមួយនឹងគ្រាប់រំសេវមិនទាន់ផ្ទុះយ៉ាងច្រើន។ នេះបើយោងតាមមន្ត្រីយោធាជាន់ខ្ពស់មួយចំនួន។
កងទ័ពបាននាំអ្នកកាសែតរាប់សិបនាក់មកពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិកាលពីថ្ងៃសុក្រ ចុះទៅមើលតំបន់ដែលពិបាកចូលទៅដល់តាមបណ្តោយព្រំដែន។ ទាហានរបស់ខ្លួន អាចត្រូវបានគេមើលឃើញនៅកន្លែងដែលក្រុមហេសបូឡា ធ្លាប់មានវត្តមានយោធាយ៉ាងច្រើននោះ៕
