សារព័ត៌មាន Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីវីដេអូមួយ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលត្រូវបានចោទប្រកាន់ថា បង្ហាញពីទាហានអ៊ីស្រាអែលបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ នៅ ទីក្រុងJenin ភាគខាងជើងនៃតំបន់វេសបែង(West Bank) បន្ទាប់ពីពួកគេបានប្រគល់ខ្លួន។

យោងតាមរបាយការណ៍បានឲ្យដឹងថា ទាហានអ៊ីស្រាអែលបីនាក់មកពីអង្គភាពប្រឆាំងភេរវកម្មសម្ងាត់កំពុងត្រូវបានស៊ើបអង្កេត បន្ទាប់ពីការចេញផ្សាយវីដេអូដែលបង្ហាញពីទាហានមកពីអង្គភាពនេះ បានបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីនពីរនាក់ បន្ទាប់ពីពួកគេបានចេញពីរចនាសម្ព័ន្ធមួយ ហើយបានចុះចាញ់កាលពីថ្ងៃព្រហស្បតិ៍។
អង្គភាពសម្ងាត់នេះ ដំណើរការ ក្រោមនគរបាលព្រំដែនអ៊ីស្រាអែល សហការជាមួយកងទ័ពអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet។
សារព័ត៌មាន Kan បានរាយការណ៍ថា មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បានបញ្ជាឲ្យ មានការស៊ើបអង្កេតយ៉ាងរហ័សលើហេតុការណ៍នេះ។ យោងតាមកាសែតនេះ ទាហានទាំងនោះ បានអះអាងថា ពួកគេបានធ្វើប្រតិបត្តិការ ស្របតាមបទបញ្ជា៕
