អ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Giessen ភាគខាងលិចប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ ខណៈដែលអង្គការយុវជនថ្មីរបស់គណបក្សស្តាំនិយមជ្រុលជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ គ្រោងនឹងចាប់ផ្តើមសន្និបាតរបស់ខ្លួន។
ក្រុមអ្នកតវ៉ាបានបិទផ្លូវនៅក្នុង និងជុំវិញទីក្រុងដែលមានប្រជាជនប្រហែល ៩៣.000នាក់ នៅព្រឹកព្រលឹមថ្ងៃនេះ។ នគរបាលបាននិយាយថា ពួកគេបានប្រើស្ព្រៃយ៍ម្រេច បន្ទាប់ពីដុំថ្ម ត្រូវបានគប់ទៅលើ មន្ត្រីនៅទីតាំងមួយ។

អង្គការយុវជនថ្មីរបស់គណបក្សប្រឆាំងអន្តោប្រវេសន៍ «ជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់» ឬ AFD គ្រោងនឹងបង្កើត នៅក្នុងកិច្ចប្រជុំមួយ នៅមជ្ឈមណ្ឌលសន្និបាតនៃទីក្រុង Giessen។ អង្គការមុន គឺអង្គការយុវជនជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមស្វ័យភាពភាគច្រើនដែលមានទំនាក់ទំនងជាមួយគណបក្សនេះ ត្រូវបានរំលាយនៅចុងខែមីនា បន្ទាប់ពីគណបក្ស AfD បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយវាជាផ្លូវការ៕
