អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការពិគ្រោះយោបល់ទ្វេភាគីអំពីសន្តិសុខជាយុទ្ធសាស្ត្រ នៅថ្ងៃទី ១-២ ខែធ្នូ។

លោកស្រីបានបញ្ជាក់ថា៖«តាមការអញ្ជើញរបស់លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ី លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន និងជានាយកការិយាល័យកិច្ចការមជ្ឈិម ដែលក៏បម្រើការជារដ្ឋមន្ត្រីការបរទេសចិនផងដែរ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ១-២ ខែធ្នូ ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រលើកទី ២០ រវាងរុស្ស៊ី និងចិន»។
នៅក្នុងកិច្ចប្រជុំជុំខាងមុខ ភាគីទាំងពីរ នឹងផ្លាស់ប្តូរយោបល់ទៅលើកិច្ចការជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលដែលមានផលប្រយោជន៍ទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាទាក់ទងនឹងសន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ នេះបើយោងតាមអ្នកការទូតចិន៕
