យានដ្រូនកងទ័ពជើងទឹកអ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងរងទណ្ឌកម្ម ២គ្រឿងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅដែលធ្វើដំណើរទៅកាន់កំពង់ផែរុស្ស៊ី ដើម្បីផ្ទុកប្រេងសម្រាប់ទីផ្សារបរទេស ។
ក្រុមមន្រ្តីអ៊ុយក្រែន បានបញ្ជាក់ថា នាវាពុំមានផ្ទុកប្រេងទាំង ២គ្រឿងនេះ ជានាវា Kairos និងនាវា Virat ហើយនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ខណៈពេលនោះដែរ អាជ្ញាធរទួរគី បានរាយការណ៍ថា នាវាដឹកប្រេង ២គ្រឿង ត្រូវបានវាយប្រហារ និងឆេះ នៅក្នុងសមុទ្រខ្មៅ ដែលជំរុញឲ្យមានប្រតិបត្តិការជួយសង្គ្រោះ ។ សមាជិកនាវិកនៅលើនាវាទាំងពីរនោះ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។

អគ្គនាយកដ្ឋានកិច្ចការសមុទ្ររបស់ទួរគី បាននិយាយថា នាវាដឹកប្រេង Kairos ដែលដោតទង់ជាតិហ្គាំប៊ី បានឆេះ នៅក្នុងសមុទ្រខ្មៅ ស្ថិតនៅចម្ងាយប្រហែល ៤៥ គ.ម ពីឆ្នេរសមុទ្រខេត្ត Kocaeli របស់ទួរគី ។ នាវាមួយគ្រឿងនេះ កំពុងធ្វើដំណើរឆ្ពោះទៅកំពង់ផែ Novorossiysk របស់រុស្ស៊ី ។
សូមបញ្ជាក់ថា អ៊ុយក្រែនត្រូវបានគេមើលឃើញវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ដោយប្រើប្រាស់យានដ្រូនរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារកាន់តែជ្រៅនៅពីក្រោយជួរមុខនៃសង្រ្គាមពេញបន្ទុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ៕
