ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃសៅរ៍ថា ដែនអាកាសពីលើ និងជុំវិញប្រទេសវេណេស៊ុយអេឡា នឹងត្រូវបិទទាំងស្រុង ។
លោក Trump និយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា ជូនចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អ្នកបើកយន្តហោះ ក្រុមជួយដូរគ្រឿងញៀន និងក្រុមជួញដូរមនុស្ស សូមពិចារណាថា ដែនអាកាសពីលើ និងជុំវិញវេណេស៊ុយអេឡា នឹងត្រូវបិទទាំងស្រុង ។

កាលពីសប្តាហ៍មុន និយ័តករអាកាសចរណ៍សហរដ្ឋអាមេរិក បានព្រមានក្រុមហ៊ុនអាកាសចរណ៍ធំៗពីស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមាន ពេលដែលហោះហើរលើដែនអាកាសវេណេស៊ុយអេឡា ដោយសារស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរខ្លាំង ហើយនិងសកម្មភាពយោធាកើនឡើងនៅក្នុង ឬជុំវិញប្រទេសមួយនេះ ។
វេណេស៊ុយអេឡា បានដកហូតសិទ្ធិប្រតិបត្តិការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗចំនួន ៦ ដែលបានផ្អាកការហោះហើរមកកាន់ប្រទេសរបស់ពួកគេ ក្រោយការព្រមានពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ៕
