ភ្នំពេញ៖ រាជរដ្ឋាភិបាលត្រៀមថវិកាសម្រាប់ចំណាយប្រមាណ ៤០ ទៅ៥០លានដុល្លារអាមរិក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា និង ៧០លានដុល្លារ អាមេរិកផ្សេងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងវេទិកាសាធារណៈស្ដីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែ ភូគីត្រាថា នៅក្នុងឆ្នាំ ២០២២ នេះ ក្រៅពីការទប់ស្កាត់ និងការចាក់វ៉ាក់សំាងបង្ការ ជម្រុញស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល ត្រូវអនុវត្តចំនួន២គឺកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន និងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលគ្រោងត្រៀមថវិកាសម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ាន នឹងគ្រោងចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគិតថវិកាសរុប គ្រោងចំណាយប្រមាណជាង ១០០ លានដុល្លាអាមេរិក។
ឯកឧត្ដម វង្សី វិស្សុត បញ្ជាក់ថា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ចំណាយថវិកា ២៤៦ លានដុល្លារប៉ុណ្ណោះ ។ចំណែកនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចំណាយក្នុងរង្វង់ប្រមាណ ៨០០ លានដុល្លារ តែអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាលចំណាយអស់ ១ ៣៨១ លានដុល្លារអាមេរិក នៃប្រាក់សន្សំរបស់រដ្ឋ, ខណៈនៅក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាក្នុងរង្វង់ ៥០០ លានដុល្លារអាមេរិក។
ឯកឧត្ដម បន្តថា នៅក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ ១៩ មានប្រទេសជាច្រើន បានខ្ចីថវិកាពីរដៃគូផ្សេងៗ ដែលធ្វើឲ្យបំណុលនៃប្រទេសទាំងនោះកើនឡើងខ្ពស់ ខណៈដែលកម្ពុជានៅក្នុងវិបត្តិជម្ងឺកូវីដ ១៩ នេះផងដែរ។ ការកម្ចីប្រាក់ពីដៃគូរគឺការអនុវត្តការកម្ចីជាធម្មតា ដោយមិនមានបង្កើនប្រាក់កម្ចីសម្រាប់យកមកទប់ស្កាត់ក្នុងវិបត្តិនេះឡើយ៕អត្ថបទ៖ សុន រ៉ាឌី


