រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីយប់កន្លងទៅលើអ៊ុយក្រែន បានសម្លាប់មនុស្ស ២នាក់ និងមនុស្សជាង ២០នាក់រងរបួស ដោយលោកបញ្ជាក់ថា ទីក្រុងមូស្គូនៅតែបន្តសម្លាប់មនុស្ស និងបំផ្លិចបំផ្លាញអ៊ុយក្រែន ខណៈដែលពិភពលោកកំពុងពិភាក្សាផែនការបញ្ចប់ជម្លោះ ។
លោក Sybiha និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិក និងមីស៊ីលតម្រង់គោលដៅរាប់សិបគ្រាប់ ហើយនិងយានដ្រូនជាង ៥០០គ្រឿង មកលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បណ្តាញថាមពល ហើយនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើនទៀត ។

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីទៅលើសង្កាត់មួយចំនួននៃទីក្រុងគីវ បានសម្លាប់មនុស្សម្នាក់ និង១១នាក់ រងរបួស ជាមួយនឹងការផ្ទុះ និងកម្ទេចកម្ទីយានដ្រូន បង្កឲ្យមានអគ្គិភ័យឆាបឆេះ ។
នេះគឺជាការវាយប្រហារលើកទី២ ទៅលើរដ្ឋធានីអ៊ុយក្រែនមួយ ក្នុងរយៈពេល ៤ថ្ងៃ ។ មនុស្ស ៧នាក់ បានស្លាប់កាលពីថ្ងៃអង្គារ នៅពេលដែលកងកម្លាំងរុស្ស៊ី បានបាញ់យានដ្រូន និងមីស៊ីលជាបន្តបន្ទាប់ ។
ប្រធានរដ្ឋបាលយោធាទីក្រុងគីវ លោក Tymur Tkachenko បាននិយាយថា មានការវាយប្រហារនៅទីតាំងចំនួន ៦ កាលពីថ្ងៃសៅរ៍ ដោយអគារផ្ទះល្វែង និងលំនៅឋានជាច្រើន ត្រូវបានវាយប្រហារនៅក្នុងទីក្រុងដែលមានប្រជាជន ៣ លាននាក់មួយនេះ ។
រដ្ឋបាលយោធាអ៊ុយក្រែន អះអាងថា សាកសពរបស់អ្នកស្រុកម្នាក់ ត្រូវបានរកឃើញពីគំនរបាក់បែកអគារផ្ទះល្វែង ដែលរងការឆាបឆេះ ។ កុមារម្នាក់ ត្រូវបានជួយសង្គ្រោះចេញពីអគារនោះ ៕
