នគរបាលហុងកុងនិយាយថា ចំនួនមនុស្សស្លាប់ពីហេតុការណ៍អគ្គិភ័យទ្រង់ទ្រាយធំលើតំបន់អគារផ្ទះល្វែងខ្ពស់ដែលបច្ចុប្បន្នមានចំនួន ១២៨នាក់នោះ អាចនឹងកើនឡើង ពេលដែលពួកគេបន្តរុករកតាមអគារ ។
ចំនួនមនុស្សបាត់ខ្លួនត្រូវបានបញ្ចុះមកនៅត្រឹម ១៥០នាក់ ពីចំនួន ២០០នាក់ ក្រោយក្រុមនគរបាលបញ្ជាក់ជាមួយសាច់ញាតិមួយចំនួនដែលពួកគេអាចទាក់ទងបានឡើងវិញជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេដែលកាលពីដំបូងឡើងត្រូវបានរាយការណ៍ថា បាត់ខ្លួន ។
ក្រុមមន្រ្តីរាប់សិបនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកសាកសពមនុស្សបាត់ខ្លួន ។
ទីក្រុងហុងកុង បានចាប់ផ្តើមកាន់ទុក្ខរយៈពេល ៥ថ្ងៃកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្ស ១២៨នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះអគារលំនៅឋានកម្ពស់ខ្ពស់មួយកន្លែង ដែលជាអគ្គិភ័យដ៏មហន្តរាយបំផុតរបស់ទីក្រុងក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ។

នៅទីក្រុងហុងកុងភាគកណ្តាល នាយកប្រតិបត្តិ លោក John Lee និងមន្ត្រីផ្សេងទៀតបានប្រារព្ធពិធីស្មឹងស្មាធិ៍រយៈពេលបីនាទីដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ។
ខណពេលនោះដែរ ស្ថាប័នប្រឆាំងអំពើពុករលួយក្រុងហុងកុង បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស១១ នាក់ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ។
គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយនិយាយថា ខ្លួនបានបង្កើតក្រុមការងារមួយដើម្បីស៊ើបអង្កេតអំពើពុករលួយដែលអាចកើតមាននៅក្នុងគម្រោងជួសជុលអគារឡើងវិញ បន្ទាប់ពីនគរបាលបានចាប់ខ្លួនមនុស្ស ៣នាក់កាលពីថ្ងៃព្រហស្បតិ៍។
សូមបញ្ជាក់ថា អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះកាលពីរសៀលថ្ងៃពុធ ហើយបានឆាបឆេះហ៊ុមព័ទ្ធអគារចំនួន ៧ក្នុងចំណោមប្លុកអគារចំនួន ៨ ដែលមានកម្ពស់៣២ជាន់នៅក្នុងបរិវេណនោះ ៕
