នគរបាលមូលដ្ឋានបាននិយាយថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីមនុស្សសរុប ១៤នាក់ បានរងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅឯពិធីជួបជុំក្រុមគ្រួសារមួយ នៅទីក្រុង Stockton ភាគខាងជើងរដ្ឋ California សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ (២៩ វិច្ឆិកា)។
អភិបាលរងក្រុង Stockton លោក Jason Lee បាននិយាយក្នុងសារបង្ហោះបណ្ដាញសង្គមហ្វេសប៊ុកថា ការបាញ់ប្រហារនេះកើតឡើងនៅក្នុងពិធីខួបកំណើតរបស់កូននៃក្រុមគ្រួសារនោះ។ លោកបន្តថា៖ រូបលោកកំពុងទាក់ទងជាមួយបុគ្គលិក និងមន្ត្រីសុវត្ថិភាពសាធារណៈ ដើម្បីយល់ឱ្យច្បាស់ពីអ្វីដែលបានកើតឡើង ហើយតាមស្វែងរកចម្លើយក្នុងហេតុការណ៍នេះ។

នគរបាលនិយាយថា ពួកគេបានទទួលរបាយការណ៍នៃការបាញ់ប្រហារ ភ្លាមៗនៅមុនម៉ោងក្នុងស្រុក ៦ល្ងាចថ្ងៃសៅរ៍ ដែលកើតឡើងនៅជិតប្លុកលេខ១៩០០ នៃផ្លូវ Lucile ក្នុងទីក្រុង Stockton។ ការិយាល័យតម្រួតប្រចាំតំបន់ លោក San Joaquin បាននិយាយក្នុងសារបង្ហោះបណ្ដាញសង្គម X ថា "មន្រ្តីអាចបញ្ជាក់នៅពេលនេះបានថា មនុស្សប្រហែល ១៤នាក់ បានរងការបាញ់ប្រហារ ហើយជនរងគ្រោះ ៤នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ក្នុងនោះមានទាំងកុមារ និងមនុស្សធំ"។
មន្រ្តីរូបនេះបន្តថា "ការស៊ើបអង្កេតដ៏សកម្មកំពុងបន្ត ហើយព័ត៌មានលម្អិតមានតិចតួចនៅឡើយ ប៉ុន្តែតម្រុយដំបូងបានឱ្យដឹងថា អាចជាឧប្បត្តិហេតុកំណត់គោលដៅ ហើយអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលគ្រប់លទ្ធភាពទាំងអស់"។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីជនដៃដល់ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនេះទេ៕
