ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (៣០ វិច្ឆិកា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ពីតួនាទីរបស់កងទ័ពអាកាស ក្នុងការអនុវត្តនូវការរារាំងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ក្នុងពេលដែលលោកនិងកូនស្រី បានប្រារព្ធខួបលើកទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង។

រូបថតចេញផ្សាយដោយកាសែត Rodong Sinmun របស់កូរ៉េខាងជើង បានបង្ហាញឱ្យឃើញ លោក គីម កំពុងសង្កេតមើលអ្វីដែលហាក់ដូចជាយានដ្រូន និងមីស៊ីលចល័ត ក្នុងចំណោមយុទ្ធោបករណ៍ផ្សេងទៀត។ មន្ត្រីចារកម្មអ៊ុយក្រែន បានប្រាប់សារព័ត៌មានរ៉យទ័រនៅមុននោះថា កូរ៉េខាងជើង ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃយានដ្រូន FPV ខ្នាតតូចរយៈចម្ងាយខ្លី ក៏ដូចជាដ្រូនវាយប្រហារក្នុងសមរភូមិខ្នាតធំបន្តិច និងរយៈចម្ងាយមធ្យម។
រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញឱ្យឃើញ លោក គីម និងកូនស្រីរបស់លោក ក្នុងឈុតសម្លៀកបំពាក់អាវធំស្បែក បានត្រួតពិនិត្យការតាំងពិព័រណ៌យុទ្ធោបករណ៍ផ្លូវអាកាស ដើម្បីប្រារព្ធខួប និងទស្សនាការបើកបង្ហាញយន្តហោះនានា ក៏ដូចជាយន្តហោះព្រមានជាមុនដ៏ទំនើប ដែលកូរ៉េខាងជើង ទើបបើកបង្ហាញកាលពីដើមឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានដកស្រង់សម្តីលោក គីម ដែលនិយាយថា ការរំពឹងទុករបស់កូរ៉េខាងជើង លើកងកម្លាំងអាកាសគឺពិតជា "ធំសម្បើម" ដែលនឹងដើរតួក្នុងការអនុវត្តនូវការរារាំងសង្គ្រាមនុយក្លេអ៊ែរ។ លោកបន្តថា "កងកម្លាំងអាកាសគួរតែរុញច្រាន និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវរាល់សកម្មភាពចារកម្ម និងការបង្កហេតុខាងយោធាដែលអាចកើតមានរបស់សត្រូវ"៕

