តំបន់ទាំងមូលនៃរដ្ឋធានីរបស់ប្រទេសស្រីលង្កា នៅតែបន្តជន់លិចក្នុងថ្ងៃអាទិត្យ (៣០ វិច្ឆិកា) នេះ បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា និងបំណាក់ដីធំៗនៅទូទាំងកោះ ដោយអាជ្ញាធរបានរាយការណ៍ថា មនុស្សជិត ២០០នាក់ បានស្លាប់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។
ក្រុមមន្ត្រីបាននិយាយថា ទំហំនៃការខូចខាតនៅក្នុងតំបន់ភាគកណ្តាលដែលរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសនេះមិនទាន់ដឹងច្បាស់នៅឡើយ ខណៈបុគ្គលិកសង្គ្រោះបានប្រឹងប្រែងបោសសម្អាតដងផ្លូវ ដែលពោរពេញដោយដើមឈើបាក់រលំ និងល្បប់ភក់ពីបំណាក់ដី។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) របស់ស្រីលង្កា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩៣នាក់ បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់មួយសប្តាហ៍ ដោយព្យុះស៊ីក្លូន Ditwah ខណៈមនុស្សយ៉ាងតិច ២២៨នាក់ ផ្សេងទៀតបានបាត់ខ្លួន។
ទីភ្នាក់ងារ DMC បាននិយាយថា ផ្នែកភាគខាងជើងនៃរដ្ឋធានីកូឡុំបូ ត្រូវបានជន់លិច នៅពេលកម្រិតទឹកក្នុងទន្លេ Kelani បានកើនឡើងយ៉ាងឆាប់រហ័ស។ កម្រិតទឹកនៅក្នុងទីក្រុង Manampitiya ចម្ងាយ ២៥០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងកូឡុំបូ បានស្រកចុះខ្លះ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការបំផ្លិចបំផ្លាញដ៏ធំសម្បើម៕



