ភ្នំពេញ៖ ស្របពេលប៉ុន្មានថ្ងៃចុងក្រោយ មានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងកើនឡើង អាជ្ញាធររាជធានីភ្នំពេញ បានជំរុញការចាក់វ៉ាក់សាំងជូនកម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ ខណៈតាមបណ្តារោងចក្របន្តពង្រឹងវិធានការបង្ការការឆ្លងជំងឺកូវីដ១៩។
បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តន៍វិអានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង អាជ្ញាធររាជធានីភ្នំពេញ ដោយបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនកម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស សំដៅពង្រឹងភាពសាំក្នុងសហគមន៍ និងក្នុងរោងចក្រ ដើម្បីបញ្ចៀសហានិភ័យនៃការរីករាករាលដាលជំងឺកូវីដ១៩ ដោយត្រូវអនុវត្តម៉ឺងម៉ាត់នូវវិធានការសុខាភិបាល។
ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ-កម្មការិនី អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជានិយោជក បានរៀបចំ និងអនុញ្ញាតឲ្យកម្មករបានទៅចាក់វ៉ាក់សាំងតាមទីតាំង ដែលបានកំណត់ ខណៈរោងចក្រ សហគ្រាសមួយចំនួនមានការចុះចាក់វ៉ាក់សាំងជូនកម្មករដោយផ្ទាល់ផងដែរ។
កម្មករ-កម្មការិនី ដែលបម្រើការនៅរោងចក្រ វ៉ាន់ហ៊ីដា បានលើកឡើងថា វ៉ាក់សាំងពិតមានសារៈសំខាន់ជួយសុខភាពពួកគាត់ ហើយធានាមិនបង្កការប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។
យ៉ាងណាក៏ដោយ កម្មករ-កម្មការិនី បានឲ្យដឹងថា ដើម្បីកាន់តែធានាដល់សង្វាក់ការងាររបស់ខ្លួន គឺពួកគាត់ចូលរួមអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ដោយពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាគម្លាត ។
គួរបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនកម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេល២សប្តាហ៍ទៀត ខណៈកម្មករ-កម្មការិនី សេសសល់ប្រមាណជិត ៥ម៉ឺននាក់កំពុងទៅទទួលវ៉ាក់សាំងជាបន្តបន្ទាប់៕ អត្ថបទ សេក ឧត្តម