ការិយាល័យប្រធានាធិបតីបារាំង បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងទៅជួបសមភាគីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទ ទី១ ខែធ្នូ ស្អែកនេះ ខណៈមេដឹកនាំអ៊ុយក្រែនរូបនេះកំពុងជាប់ក្នុងស្ថានភាពនយោបាយ និងយោធាដ៏លំបាកបំផុត ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២មក។
វិមាន Elysee របស់បារាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មេដឹកនាំទាំងពីររូបនឹងពិភាក្សាអំពី "លក្ខខណ្ឌនៃសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង" បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ និងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា លោគ Zelenskyy ទើបតែបានទៅទីក្រុងប៉ារីស នៅថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។

កិច្ចប្រជុំទីក្រុងប៉ារីស បានគ្រោងធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្មីៗនេះ និងគំនិតផ្តួចផ្តើមសន្តិភាពចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលបានព្យាយាមស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងការទូត ដែលជាប់គាំង។
លោក Macron បានជំរុញដៃគូអឺរ៉ុប ម្តងហើយម្តងទៀត ឱ្យរក្សាការគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែន ស្របពេលសញ្ញានៃភាពអស់កម្លាំង និងសម្ពាធក្នុងស្រុក កាន់តែកើនឡើងនៅទូទាំងទ្វីប។ ក្រុមអ្នកការទូតរំពឹងថា ក្នុងជំនួបថ្ងៃចន្ទនោះ បារាំងនឹងបញ្ជាក់ឡើងវិញនូវការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ទោះបីជាមិនមានការប្តេជ្ញាចិត្តថ្មីណាមួយត្រូវបានរំពឹងទុកមុនកិច្ចចរចាក៏ដោយ៕

