ហ្វូងបាតុកររាប់ពាន់នាក់ រួមទាំងមន្រ្តីសង្ឃនៅព្រះវិហាររ៉ូម៉ាំងកាតូលិក បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាក្នុងប្រទេសហ្វីលីពីន នាថ្ងៃអាទិត្យ (៣០ វិច្ឆិកា) នេះ ដោយអំពាវនាវឱ្យកាត់ទោសយ៉ាងឆាប់រហ័សលើសមាជិកសភា និងមន្ត្រីជាន់ខ្ពស់ ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ ដែលរួមរឹតប្រជាជាតិអាស៊ីមួយនេះ។
វិហាររ៉ូម៉ាំងកាតូលិកនៅទូទាំងប្រទេសហ្វីលីពីន បានជួយដឹកនាំការតវ៉ាប្រឆាំងអំពើពុករលួយនៅថ្ងៃអាទិត្យនេះ នៅក្នុងស្រុករបស់ពួកគេ។ នគរបាលបាននិយាយថា បាតុករប្រហែល ៥.០០០នាក់ ដែលភាគច្រើនស្លៀកពាក់ពណ៌ស បានចូលរួមក្នុងការប្រមូលផ្ដុំទ្រង់ទ្រាយធំ។

ទន្ទឹមនឹងនេះ ក្រុមអ្នកនយោបាយឆ្វេងនិយម បានដឹកនាំការតវ៉ាដាច់ដោយឡែកមួយផ្សេងទៀត នៅក្នុងសួនច្បារសំខាន់របស់ទីក្រុងម៉ានីល ជាមួយនឹងការទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យក្រុមមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ លាលែងពីតំណែងជាបន្ទាន់ ហើយប្រឈមនឹងការកាត់ទោស។ មន្ត្រីនគរបាលជាង ១៧.០០០នាក់ ត្រូវដាក់ពង្រាយនៅទីក្រុងម៉ានីល ដើម្បីទប់ស្កាត់ការតវ៉ានេះ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កំពុងតែប្រឹងប្រែងលុបបំបាត់កំហឹងរបស់ប្រជាជន ជុំវិញអំពើពុករលួយដ៏ធំទាក់ទងគម្រោងគ្រប់គ្រងទឹកជំនន់ដែលមិនមានស្តង់ដារ និងខូចគុណភាព នៅទូទាំងហ្វីលីពីន ខណៈប្រជុំកោះមួយនេះងាយនឹងកើតមានគ្រោះទឹកជំនន់ និងអាកាសធាតុធ្ងន់ធ្ងរណាស់ ដោយសារស្ថិតក្នុងតំបន់ត្រូពិកអាស៊ី៕

