ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានបើកកិច្ចចរចាមួយកាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ដែលភាគីទាំងពីរសាទរថាជា "ជំនួបប្រកបដោយផលិតភាព" អំពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បង្ហាញសុទិដ្ឋិនិយមពីវឌ្ឍនភាព ប៉ុន្តែបញ្ហាប្រឈមខ្លះនៅតែមាន ដែលមិនទាន់អាចសម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដ៏អូសបន្លាយជិត ៤ឆ្នាំមកនេះ។

លោក Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានចរចាថ្មី នៅរដ្ឋ Florida សម្រាប់កិច្ចពិភាក្សាមួយដែលលោកនិយាយថា មានគោលបំណងសាងសង់ផ្លូវដ៏រឹងមាំសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ។

បន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់ លោក Rubio ប្រាប់អ្នកសារព័ត៌មានថា៖ បញ្ហាលំបាកនៅតែមាន ប៉ុន្តែក៏មានសុទិដ្ឋិនិយមដែរ ជាពិសេសដោយសារកិច្ចចរចាមានវឌ្ឍនភាព ហើយក៏មានចក្ខុវិស័យរួមគ្នាដែលថា នេះមិនគ្រាន់តែជាការបញ្ចប់សង្រ្គាមទេ ប៉ុន្តែក៏ជាការធានាអនាគតអ៊ុយក្រែន ដែលសង្ឃឹមថា នឹងមានភាពរុងរឿងជាងអ្វីដែលធ្លាប់មាន។ ចំណែកលោកប្រធានាធិបតីអាមេរិក Donald Trump វិញ បានហៅកិច្ចចរចានៅ Florida នេះថា “ដំណើរការរលូនល្អណាស់”។

កិច្ចពិភាក្សានេះគឺជាការតាមដានកិច្ចចរចាជុំថ្មីមួយ ជុំវិញផែនការរបស់អាមេរិក សម្រាប់សន្តិភាពអ៊ុយក្រែន។ ប្រេសិតពិសេស លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner ក៏មានវត្តមានតំណាងឱ្យភាគីអាមេរិកផងដែរ។ លោក Witkoff ចាកចេញនៅថ្ងៃចន្ទ ទី១ ខែធ្នូ នេះ ទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាក្នុងសប្តាហ៍នេះ៕
