មន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា លោក Steve Witkoff ដែលជាប្រសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃចន្ទ (១ ធ្នូ) នេះ ខណៈទីក្រុងវ៉ាស៊ីនតោន បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយចំណុចជាប់គាំង និងបញ្ឈប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ លោក Witkoff ត្រូវរំពឹងថា នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃអង្គារ ស្អែកនេះ។

ដំណើរទស្សនកិច្ចរបស់លោក Witkoff កើតឡើងភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅរដ្ឋ Florida កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងចំណោមសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក Trump និងគណៈប្រតិភូអ៊ុយក្រែន នៅក្នុងជំនួបមួយដែលប្រមុខការទូតអាមេរិក លើកសរសើរពីវឌ្ឍនភាពយ៉ាងល្អ។

កាលពីថ្ងៃអាទិត្យ លោក Witkoff — ដែលជាឥស្សរជនដ៏សំខាន់ក្នុងការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស — ក៏បានចូលរួមជាមួយរដ្ឋមន្រ្តីការបរទេស Marco Rubio និងទីប្រឹក្សាជាន់ខ្ពស់ Jared Kushner ក្នុងកិច្ចពិភាក្សានៅរដ្ឋ Florida ជាមួយអ្នកចរចាអ៊ុយក្រែននោះផងដែរ។

លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា មាន "ឱកាសល្អ" នៃកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សាចុងក្រោយបង្អស់នៅរដ្ឋ Florida ប៉ុន្តែលោកក៏បានព្រមានថា រឿងអាស្រូវពុករលួយនៅទីក្រុងគីវ កំពុងបង្កភាពស្មុគស្មាញក្នុងរឿងនេះ៕