ស៊ូដង់៖ កងកម្លាំងសន្តិសុខស៊ូដង់បានប្រើឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមបំបែកក្រុមបាតុករធ្វើបាតុកម្មតាមដងផ្លូវក្នុងរដ្ឋធានី ដើម្បីតវ៉ាប្រឆាំងរដ្ឋប្រហារ។ ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចល ជាមួយនឹងការតវ៉ាតាមដងផ្លូវជារៀងរាល់ថ្ងៃចាប់តាំងពីការចូលកាន់កាប់ដោយយោធាកាលពីខែតុលា។

រដ្ឋប្រហារបានបញ្ចប់ការផ្លាស់ប្តូររបស់ប្រទេសស៊ូដង់ ទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដែលបានចាប់ផ្តើម បន្ទាប់ពីភាពឯកោអស់រយៈពេល ៣ទសវត្សរ៍ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Omar al-Bashir។ ក្រុមបាតុករទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលស៊ីវិលពេញលេញមួយដើម្បីដឹកនាំអន្តរកាល។ អាជ្ញាធរសន្តិសុខក្នុងរដ្ឋធានីបានអំពាវនាវឲ្យក្រុមបាតុករប្រមូលផ្តុំគ្នា នៅតាមទីលានសាធារណៈដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាជាមួយកងកម្លាំង។ នគរបាលត្រូវបានគេមើលឃើញប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកបាតុករមួយចំនួនក្នុងទីក្រុងដោយមានការគប់ដុំថ្ម។ យោងតាមក្រុមគ្រូពេទ្យស៊ូដង់បានឱ្យដឹងថា ការបង្ក្រាបដ៏ឃោឃៅទៅលើក្រុមបាតុករបានសម្លាប់មនុស្សប្រមាណ ៨០នាក់ និងរបួស ២,២០០នាក់ទៀតចាប់តាំងពីរដ្ឋប្រហារមក៕
អត្ថបទ៖ ប៊ុនថន