ជនប្រដាប់អាវុធបានចាប់ពង្រត់ស្ត្រីចំនួន១៣នាក់ និងទារកម្នាក់ នៅក្នុងការឆ្មក់ចូលនៅពេលយប់នៅភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ ទី ៣០ ខែវិច្ឆិកា ជាការចាប់ពង្រត់ជាបន្តបន្ទាប់ទ្រង់ទ្រាយធំដែលបានធ្វើឱ្យប្រទេសអាហ្វ្រិកខាងលិចមួយនេះរង្គោះរង្គើ។

យោងតាមអ្នកស្រុកបានឲ្យដឹងថា កូនក្រមុំម្នាក់ និងអ្នកកំដរក្រមុំ១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ពង្រត់ពីភូមិChacho ក្នុងរដ្ឋ Sokoto។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមអ្នកវាយប្រហារបានចាប់ពង្រត់មនុស្សរាប់រយនាក់នៅទូទាំងប្រទេសនីហ្សេរីយ៉ា ដោយបានទប់ទល់ទៅនឹងការឆ្លើយតបចំពោះការគំរាមកំហែងបង្កឡើងដោយក្រុមជីហាដ និងក្រុមឧក្រិដ្ឋជន ដែលត្រូវបានគេស្គាល់ក្នុងស្រុកថាក្រុម «ចោរព្រៃ»។

ភាពវឹកវរនេះបានបង្កើនសម្ពាធលើរដ្ឋាភិបាលនីហ្សេរីយ៉ា ដោយប្រធានាធិបតី លោក Bola Tinubu បានប្រកាសរដ្ឋក្នុងគ្រាអាសន្ននៅទូទាំងប្រទេសកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ទ្វីបអាហ្វ្រិកមួយនេះ ជុំវិញអ្វីដែលលោកហៅថាជាការសម្លាប់អ្នកកាន់សាសនាគ្រិស្តដោយក្រុមអ៊ីស្លាមជ្រុលនិយម។
លោក Aliyu Abdullahi អ្នកស្រុកភូមិ Chacho និយាយថា «ក្រុមចោរព្រៃបានសម្រុកចូលភូមិរបស់យើងកាលពីពេលយប់ ហើយបានចាប់ពង្រត់មនុស្ស១៤ នាក់ រួមមានទាំងកូនក្រមុំម្នាក់ និងអ្នកកំដរកូនក្រមុំ ១០ នាក់ពីលំនៅឋានមួយកន្លែងក្នុងសង្កាត់ Zango»។