កសិករប្រទេសក្រិក បានប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលតវ៉ានៅតំបន់ភាគកណ្តាលនិងភាគខាងជើង ជុំវិញការពន្យារពេលផ្តល់ប្រាក់ឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប ដែលបណ្តាលមកពីការស៊ើបអង្កេតលើរឿងអាស្រូវអំពើពុករលួយដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។

កសិកររាប់រយនាក់បានចេញតវ៉ានៅតាមដងផ្លូវ ដោយបិទផ្លូវច្រើនកន្លែងប្រើប្រាស់ត្រាក់ទ័ររបស់ពួកគេនៅក្នុងតំបន់ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលអភិរក្សនិយមជុំវិញការខ្វះជំនួយរបស់សហភាពអឺរ៉ុប និងការទូទាត់ប្រាក់ផ្សេងៗទៀតប្រមាណ៦០០ លានអឺរ៉ូ ឬ៦៩៦ លានដុល្លារ។

នៅក្រុង Nikaia កសិករនិងនគរបាលបានប៉ះទង្គិចគ្នា ខណៈក្រុមអ្នកតវ៉ាមួយចំនួនព្យាយាមលើកក្រឡាប់រថយន្តក្រុងនគរបាល ហើយសំឡេងនៃការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក អាចត្រូវបានគេឮ។ ការពន្យារពេលទូទាត់ប្រាក់ កើតឡើងក្នុងពេលមានការស៊ើបអង្កេតលើរឿងអាស្រូវមួយដែលកសិករមួយចំនួន តាមការចោទប្រកាន់ថាបានក្លែងបន្លំកម្មសិទ្ធិដីធ្លី និងសត្វពាហនៈដើម្បីទទួលបានការឧបត្ថម្ភធនផ្នែកកសិកម្មរបស់សហភាពអឺរ៉ុប។
ការិយាល័យរដ្ឋអាជ្ញាអឺរ៉ុប ដែលកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងផលប្រយោជន៍ហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប បាននិយាយនៅឆ្នាំនេះថា ខ្លួនបានរកឃើញភស្តុតាងថាកសិករប្រទេសក្រិក ដែលត្រូវបានជួយពីមន្ត្រីរដ្ឋ បានកេងប្រវ័ញ្ចមូលនិធិសហភាពអឺរ៉ុប។
រដ្ឋាភិបាល ដែលបានសន្យាអំពីតម្លាភាព បានទទួលស្គាល់ថា ការឧបត្ថម្ភធនលើកដំបូងរបស់សហភាពអឺរ៉ុបគឺទាបជាងឆ្នាំមុន ហើយពាក្យស្នើសុំរបស់កសិករជាង ៤០.០០០នាក់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ។