បាល់ទាត់៖ អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Jack Wilshere រកទ្រនំថ្មីបានហើយដោយផ្លាស់ទៅកាន់ក្លិបដាណឺម៉ាក AGF Aarhus ក្រោយ ៨ខែទំនេរពីអាជីពកីឡាករ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះក៏បានចូលរួមហ្វឹកហាត់ជាមួយអតីតក្លិបរបស់ខ្លួន Arsenal ផងដែរក្នុងរដូវកាលនេះ រួមទាំងបានរួមចំណែកការងារជាមួយក្រុមគ្រូបង្វឹករបស់ក្លិបតាំងពីចាកចេញពី AFC Bournemouth កាលពីខែឧសភាឆ្នាំមុន។
Jack Wilshere បានចុះហត្ថលេខាលេងឱ្យក្លិបនៅលីគកំពូលដាណឺម៉ាកមួយនេះ រហូតដល់ចប់រដូវកាលនេះអមជាមួយលក្ខខណ្ឌបន្តបន្ថែមផងដែរ និងទទួលបានអាវលេខ ១០។ គិតតាំងពីចាកចេញពី Arsenal នៅឆ្នាំ២០១៨ Wilshere បានចូលលេងត្រឹម ៣៦ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៤ឆ្នាំនេះជាមួយ Bournemouth និង West Ham United។ រំលឹកថា Jack Wilshere ធ្លាប់មានអាជីពជោគជ័យរបស់ខ្លួនជាមួយ Arsenal ដោយបង្ហាញខ្លួនបានសរុប ១៩៧លើក និងជាប់ជំរើសជាតិអង់គ្លេសបង្ហាញខ្លួនបាន ៣៤លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ