កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 នៅទឹកដីកាតាដែលធ្វើឱ្យ ការប្រជែងជើងឯកពិភពលោកបីនាក់ត្រូវរង់ចាំនៅទីលានចុងក្រោយ។
Lando Norris, Max Verstappen និង Oscar Piastri នឹងប្រជែងគ្នាទីលានចុងក្រោយនៅទឹកដី Abu Dhabi អារ៉ាប់រួម។
កីឡាករអូស្រ្តាលី Oscar Piastri ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរជាមួយនឹងមិត្តរួមក្រុម Lando Norris លេខពីរ តែការប្រណាំង Grand Prix ជើងឯកបួនសម័យ Max Verstappen បានឆក់យកតំណែងលេខពីរភ្លាមៗ នៅពេលចេញដំណើរ។
យុទ្ធសាស្រ្តរបស់ Red Bull បូករួមទាំងការប៉ះទង្គិចលើទីលានដល់បញ្ចេញរថយន្តសុវត្ថិភាពនោះ Max Verstappen បានឡើងមកឈរតំណែងលេខមួយ និងរក្សាការនាំមុខដល់ទីព្រ័ត្រ។
Oscar Piastri បានត្រឹមលេខពីរ ខណៈមិត្តរួមក្រុម Lando Norris បានធ្លាក់ដល់លេខបួនតាមពីក្រោយកីឡាករអេស្ប៉ាញ Carlos Sainz របស់ក្រុម Williams។
នេះជាជ័យជំនះទី ៧ សម្រាប់ Max Verstappen តាមស្មើនឹង Lando Norris និង Oscar Piastri តែពិន្ទុនៅពេលនេះកំពុងប្រកៀកប្រកិតគ្នា ពោលគឺ Lando Norris មាន ៤០៨ ពិន្ទុនាំមុខ Max Verstappen ត្រឹម ១២ ពិន្ទុ ខណៈ Oscar Piastri ឈរលេខបីតាមពីក្រោយអ្នកនាំមុខ ១៦ ពិន្ទុ។
ការប្រជែងជើងឯកឆ្នាំនេះនឹងត្រូវរង់ចាំដល់ទីលានចុងក្រោយ Abu Dhabi Grand Prix អារ៉ាប់រួមចុងសប្តាហ៍នេះ។
Lando Norris ដែលមានពិន្ទុនាំមុខគេ លទ្ធភាពដែលឈ្នះជើងឯកនោះគឺអន់ណាស់បញ្ចប់នៅលេខបី ក្នុងលក្ខខណ្ឌ Verstappen ឈ្នះការប្រណាំង៕អត្ថបទ៖នាង សុភាវុធ

