ព្យុះត្រូពិក Koto បានសម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់បន្តទៀតបាត់ខ្លួន ខណៈប្រព័ន្ធអាកាសធាតុថ្មីនេះបានចូលទៅដល់វៀតណាម ដោយនាំមកនូវខ្យល់បក់ខ្លាំង និងរលកសមុទ្រធំៗបានប៉ះពាល់ទូកនេសាទនៅឆ្នេរភាគកណ្តាលនៃប្រទេស ដែលទើបតែរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានគ្របដណ្ដប់ពាសពេញតំបន់ភាគកណ្តាលវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយជន់លិចតំបន់ជាច្រើន និងសម្លាប់មនុស្សជិត ១០០នាក់ រួចមកហើយ។ ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២៥នេះ បានធ្វើឱ្យមនុស្សសរុបជាង ៤០០នាក់ ស្លាប់ឬបាត់ខ្លួន នៅវៀតណាម និងការខូចខាតជាង ៣ពាន់លានដុល្លារអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា អាជ្ញាធរបានបញ្ជាឱ្យទូកចូលចត និងបង្វែរជើងហោះហើររាប់សិបជើង ខណៈព្យុះ Koto នាំឱ្យមានរលកសមុទ្រធំៗ និងខ្យល់បោកបក់ដ៏គ្រោះថ្នាក់។ ក្រសួងបរិស្ថានវៀតណាម បានឱ្យដឹងថា ទូកនេសាទចំនួន២គ្រឿង បានលិចនៅក្នុងសមុទ្រ - ទូកមួយនៅក្នុងខេត្ត Khanh Hoa និងមួយទៀតនៅខេត្ត Lam Dong - ដែលនាំឱ្យមនុស្សសរុប ៣នាក់ បានស្លាប់ ហើយអាជ្ញាធរកំពុងបន្តស្វែងរកអ្នកទី៤ ដែលបាត់ខ្លួន។

កាលពីព្រឹកថ្ងៃអាទិត្យ ព្យុះ Koto ដែលជាព្យុះទី១៥ របស់វៀតណាមក្នុងឆ្នាំនេះ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយត្រូវបានបន្ទាបពីព្យុះទីហ្វុង ទៅជាព្យុះត្រូពិក។ ការិយាល័យអាកាសធាតុរបស់ប្រទេសនេះ និយាយថា Koto កំពុងផ្លាស់ទីយឺតៗ ហើយរំពឹងថានឹងចុះខ្សោយបន្ថែមទៀត មុនពេលវាយបោកលើឆ្នេរសមុទ្រវៀតណាម នៅសប្តាហ៍ក្រោយ៕