ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ថា មនុស្សយ៉ាងតិច ៣នាក់ បានស្លាប់ និងសត្វគោជិត ១៥០ក្បាល បានងាប់ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានចិន ស៊ីនហួ។

ភ្លៀងធ្លាក់នេះក៏បានបំផ្លាញលំនៅឋានជាង ២០០ខ្នង និងបានជន់លិចដីស្រែចម្ការចំនួន ៥៦.០០០ហិកតា ក្នុងរដ្ឋឥណ្ឌាមួយនេះ។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជំរំសង្គ្រោះចំនួន ៣៨កន្លែង ត្រូវបង្កើតឡើងនៅក្នុងស្រុក ដែលមានការព្យាករពីភ្លៀងធ្លាក់ខ្លាំង ហើយរហូតមកដល់ព្រឹកថ្ងៃអាទិត្យ មនុស្សជាង ២.៣០០នាក់ បានជម្លៀសខ្លួនទៅជ្រកកោនក្នុងជំរំទាំងនោះ។

ទីភ្នាក់ងារឧតុនិយមឥណ្ឌា IMD កាលពីថ្ងៃអាទិត្យ បាននិយាយថា ព្យុះស៊ីក្លូននេះកំពុងស្ថិតនៅលើឈូងសមុទ្រ Bengal ភាគនិរតី ហើយទំនងជានឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងស្រុកជាច្រើននៃរដ្ឋ Andhra Pradesh។ បន្ទាប់មក ប្រព័ន្ធអាកាសធាតុនេះឆ្ពោះទៅភាគខាងជើង ខិតទៅជិតនៅជិតឆ្នេរសមុទ្រ Tamil Nadu-Puducherry របស់ឥណ្ឌា។

ភ្លៀងធ្លាក់ខ្លាំងត្រូវព្យាករនៅទីដាច់ស្រយាលជាច្រើននៅថ្ងៃចន្ទនេះ បន្ទាប់មក មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ត្រូវបានព្យាករនៅថ្ងៃអង្គារស្អែកនេះ៕