យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ថា ថ្មីៗនេះ ខ្លួនបានបំផ្លាញទីតាំងចំនួន១៥ ដែលមានឃ្លាំងផ្ទុកសព្វាវុធរបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅភាគខាងត្បូងប្រទេសស៊ីរី។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងរបស់ខ្លួន និងកងកម្លាំងស៊ីរី បានកំណត់ឃើញ និងបំផ្លាញឃ្លាំងស្តុកអាវុធនៅទូទាំងខេត្ត Rif Damashq ក្នុងអំឡុងពេលនៃការវាយប្រហារតាមផ្លូវអាកាស និងការបំផ្ទុះជើងគោកជាច្រើនលើក ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ។

ទីបញ្ជាការ CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រតិបត្តិការរួមគ្នានេះ បានបំផ្លាញកាំភ្លើងត្បាល់ និងគ្រាប់រ៉ូកែតជាង ១៣០គ្រឿង កាំភ្លើងវាយប្រហារជាច្រើនដើម កាំភ្លើងយន្ត មីនប្រឆាំងរថក្រោះ និងសម្ភារៈសម្រាប់បង្កើតឧបករណ៍បំផ្ទុះផ្សេងទៀត"។
ក្រុមរដ្ឋអ៊ិស្លាម ជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ដាក់ការគ្រប់គ្រងរដ្ឋអ៊ិស្លាមជ្រុលនិយមលើមនុស្សរាប់លាននាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយក្រុមមួយនេះត្រូវបានកម្ទេចដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែថ្មីៗនេះ ក្រុមមួយនេះបានងើបឡើងកសាងសមត្ថភាព និងបង្កើតខ្លួនឡើងវិញ៕